Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលស្រុកបន្ទាយមាសបង្ហាញដំណោះស្រាយបីចំណុចដើម្បីរក្សាប្រភពទឹកស្រោចស្រពឲ្យមាននិរន្តរភាព

អភិបាលស្រុកបន្ទាយមាសបានលើកឡើងថា ឆ្នាំ២០២៤នេះដោយសារស្រូវមានតម្លៃល្អ ធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាធ្វើស្រូវប្រាំងច្រើនលើពីផែនការ ហើយដោយសារកត្តាអាកាសធាតុក្តៅខ្លាំង គ្មានភ្លៀងកក់ខែផងនោះ ធ្វើឲ្យស្រូវប្រាំងពលរដ្ឋរាប់រយហិកតាជួបបញ្ហាកង្វះទឹកស្រោចស្រព ត្រែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយដើម្បីដោះស្រាយបញ្ហានេះទៅថ្ងៃមុខ លោកបានអនុវត្តវិធីសាស្ត្រ៣សំខាន់។

លោក នូ ចាន់ដា បានប្រាប់ឲ្យដឹងថា ស្រុកបន្ទាយមាសជាស្រុកមួយដែលផលិតស្រូវបានជាងគេនៅទូទាំងខេត្ត  សម្រាប់ឆ្នាំ២០២៤នេះ ផែនការផលិតស្រូវប្រាំងមានចំនួន៨ពាន់ហិកតា ប៉ុន្តែជាក់ស្តែងគ្រាន់តែការធ្វើស្រូវប្រាំងលើកទី១នេះ បានចំនួន ១០ ១៧៨ហិកតា ស្មើនឹង១២០% នៃផែនការ។ ការកើនឡើងផ្ទៃដីផលិតស្រូវប្រាំងនេះ ដោយសារតម្លៃទីផ្សារស្រូវល្អ រង្វង់១៥០០រៀកក្នុងមួយគីឡូក្រាម។ ប៉ុន្តែការកើនឡើងនៃផ្ទៃដីធ្វើស្រែ បូករួមនិងកត្តាអាកាសធាតុផងនោះ បានធ្វើឲ្យស្រុកជួបបញ្ហាកង្វះទឹកស្រោចស្រព តែដោយសារមានការចូលរួមសហការពីអាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើឲ្យរដ្ឋបាលស្រុក ជួយសង្គ្រោះដំណាំស្រូវទាន់ពេលវេលា។

លោកអភិបាលបានបន្តថា ដើម្បីដោះស្រាយបញ្ហាកង្វះទឹកទៅថ្ងៃមុខ  ពោលគឺដើម្បីរក្សាការពារប្រភពទឹក លោកបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់បីដើម្បីអនុវត្ត ទី១ ធ្វើទំបន់ស្ទាក់ទឹកនៅតាមប្រឡាយនីមួយៗ ទី២ស្តារទំបន់ បឹងបួររដ្ឋចាស់ៗឡើងវិញដើម្បីរក្សាទឹក និងទី៣ត្រូវជីកអណ្តូងសម្រាប់ប្រើប្រាស់បន្ថែម។   

កសិកររស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស លោក អៀង សារ៉ាត់ បានប្រាប់ថា ពលរដ្ឋឆ្នាំនេះ បានធ្វើស្រូវប្រាំងច្រើន ព្រោះស្រូវបានថ្លៃ ។ ដំបូងឡើយគាត់ព្រួយបារម្ភខ្លាចខ្វះទឹក ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់សប្បាយចិត្តឡើងវិញហើយ។

តាមរបាយការណ៍មន្ទីរកសិកម្ម គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្ត អនុវត្តបាន១៣ ៤១២ហិកតា ស្មើ១៣៣%នៃផែនការ ។ ហើយមន្ទីជំនាញពាក់ព័ន្ទ រួមនឹងអាជ្ញាធរនៅតែបន្តដាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ពលរដ្ឋ ហើយរងចាំជួយជានិច្ច ប្រសិនបើមានបញ្ហាណាមួយបង្កឲ្យ ប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត











Post a Comment

0 Comments