សមណសិស្សចំនួន ១៧៣អង្គ និមន្តមកពីខេត្តកំពត កែប និងព្រះសីហនុ បាននិងកំពុងប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២០២៤ នៅក្នុងមណ្ឌលវត្តជុំគ្រៀល ដើម្បីអាចបន្តប្រឡងចូលរៀនថ្នាក់ទី៧ នៃសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលកំពត។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស៊ីវ ផេង អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងព្រះគម្ពីរត្ថេរ ញ៉ែត ច័ន្ទតារា ព្រះរាជាគណៈថ្នាក់ចត្វា ព្រះជលធីរាសី ព្រះមេគណខេត្តកំពត បានចូលរួមជាគណៈអធិបតីក្នុងកិច្ចដំណើរការកម្មវិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ នៅក្នុងមណ្ឌលវត្តជុំគ្រៀល។ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានធ្វើសេចក្តីរាយការណ៍ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២០២៤នេះ មានសមណសិស្ស ដាក់ពាក្យប្រឡងចំនួន ១៧៣អង្គ ដោយក្នុងនោះ ខេត្តកំពតមានចំនួន ១៤១អង្គ ខេត្តកែបចំនួន ១៤អង្គ និងនិមន្តមកពីខេត្តព្រះសីហនុ ចំនួន ១៨អង្គ ដែលបានចែកចេញជា ០៧បន្ទប់។ សម្រាប់ការប្រឡងមានរយៈពេល ២ថ្ងៃ លើមុខវិជ្ជាចំនួន ០៩មុខ មានភាសាបាលី វេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្រ្តអនុវត្តន៍ ប្រវត្តិ ភូមិ ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និង គណិតវិទ្យា ចែកចេញជា០៦វិញ្ញាសា។ ហើយសមណសិស្ស ដែលបានប្រឡងជាប់ពេលនេះ នឹងមានសិទ្ធិដាក់ពាក្យចូលរៀនថ្នាក់ទី៧ នៃសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ីវ ផេង អភិបាលរងខេត្តកំពត បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្ត ព្រមទាំងស្នើដល់គណៈកម្មការរៀបចំការប្រឡង ជួយសម្របសម្រួលឱ្យមានដំណើរការប្រឡងប្រព្រឹត្តទៅបានល្អ មានប្រសិទ្ធភាព គុណភាព តម្លាភាព “អ្នកចេះ គឺជាប់” និងសូមឱ្យព្រះសង្ឃដែលជាសមណសិស្ស ព្រះមេត្តាយកចិត្តទុកដាក់ និងខិតខំពិនិត្យមើលសំណួរឱ្យបានល្អ ឱ្យបានយល់ច្បាស់លាស់មុននឹងធ្វើចម្លើយ ហើយត្រូវសរសេរនៅលើក្រដាស់កិច្ចការឱ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់សមណសិស្សទាំងអស់ សូមកុំបោះបង់ចោលការសិក្សាទោះលទ្ធផលជាប់ឬធ្លាក់ក៏ដោយ ហើយត្រូវព្យាយាមបន្តការសិក្សាឱ្យបានខ្ពស់ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាផង និងលើកកម្ពស់ធនធានសង្ឃ ឲ្យកាន់តែប្រសើរទៅថ្ងៃអនាគតផង។
ជាមួយគ្នានេះដែរ ដើម្បីសម្រួលដល់ដំណើរការប្រឡងក្នុងរយៈពេល ២ថ្ងៃនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានឧបត្ថម្ភថវិការ ចំនួន ១០លានរៀនសម្រាប់ចង្ហាន់ប្រគេណសមណសិស្សដែលបានមកប្រឡងនាពេលនេះផងដែរ៕
អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments