Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ពិនិត្យឡើងវិញមុននឹងចុះកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ សីលធម៌សង្គម និងការទទួលខុសត្រូវសង្គម


APP MoINFO ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញទូរទស្សន៍ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ ម្ចាស់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ពិនិត្យឡើងវិញមុននឹងចុះកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ សីលធម៌សង្គម និងការទទួលខុសត្រូវសង្គម។

ករណីនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការណែនាំចំនួន ៤ ចំណុច៖ ១-សូមបញ្ឈប់កុំប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រីនិងសង្វៀនប្រដាល់ ដើម្បីពិសាស្រាបៀរ ហើយផ្សព្វផ្សាយ,

២-ពិធីករ ពិធីការិនី ដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាស់កំប៉ុងស្រាបៀរពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម,

៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរ ចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ» « ពិសាគ្រឿង ស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើឲ្យមានតុល្យភាពនៃសារ នៃការផ្សាយពាណិជ្ជកម្ម និងសារអប់រំ,

៤-ស្នើម្ចាស់ស្ថានីយទូរទស្សន៍ និងម្ចាស់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ជួយផ្សាយសារអប់រំផ្សេងៗទាក់ទងនឹងគ្រឿងស្រវឹង ការប្រឆាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងការជួញដូរមនុស្ស។

តំណាងស្ថានីយ៍ទូរទស្សន៍ទាំងអស់បានឯកភាពនិងគាំទ្រ អនុវត្តលើចំណាត់ការដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរទស្សន៍គ្រប់ប្រភេទ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្នាប់លើការផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង ។


ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២ សប្តាហ៍កន្លងមកនេះ មានស្ថានភាពលំបាកបន្តិចក្នុងក្របខណ្ឌនៃការងារសោតទស្សន៍ ជាពិសេសពាក់ពន្ធ័បញ្ហាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនហាក់បីដូចជាភ្លេចខ្លួន ដែលកាលពីមុនគោរពបានល្អទៅលើការងារផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ។ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ទៅលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម កុំអោយមានភាពហួសហេតុពេក ព្រោះកន្លងទៅនេះមានភាពហួសហេតុខ្លាំង ដោយគេបៀបធៀប នៃរូបភាពដែលមានការតម្រង់ជួរទៅគាស់កំប៉ុងស្រាបៀរ ដើម្បីយករង្វាន់ និងការតម្រង់ជួរចូលរៀនរបស់យុវជន ។ រូបភាពមួយទៀត ដែលហៅយុវជនខ្លះមិនទាន់គ្រប់អាយុផង ឡើងទៅលើសង្វៀនប្រដាល់ ហើយយកស្រាបៀរគាស់អោយផឹក ដោយមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៀត ។


ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា រូបភាពទាំង នេះមិនល្អសម្រាប់សង្គមយើងនោះទេ ដោយទាំងអស់គ្នាជាប្រពន្ធ័ផ្សព្វផ្សាយត្រូវយល់ពីតំលៃនៃសង្គមយើង ទោះបីស្ថានភាពបច្ចុប្បន្នការរស់រាន នៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ វិទ្យុ ទូរទស្សន៍ គឺបានមួយផ្នែកធំពីការគាំទ្រផ្នែកពាណិជ្ជកម្មពីក្រុមហ៊ុន ស្រាបៀរ និងភេសជ្ជៈ ប៉ូវកំលាំងផ្អែម ។ ប៉ុន្តែអ្វីសំខាន់ដែលអ្នកគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយ ត្រូវមើលវាមិនមែនត្រូវដើរទៅតាមអ្វីដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ឬភេសជ្ជៈ ដែលតម្រូវអោយយើងធ្វើអ្វីបានគ្រប់យ៉ាងនោះទេ ដែលបំពានទៅលើក្រមសីលធម៍ វិជ្ជាជីវៈ នៃការផ្សព្វផ្សាយ ដោយមិនបានគិតពីផលប៉ះពាល់នៃរូបភាព ដែលត្រូវគេយកទៅបង្ហោះនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ។ ដូចនេះស្នើសុំកុំអោយមានការប្រើប្រាស់សារ ដែលរំលោភលើសិទ្ធិអ្នកប្រើប្រាស់ កុំជម្រុញលើកទឹកចិត្តអោយពិសាគ្រឿងស្រវឹង ដើម្បីទទួលបានរង្វាន់ និងជាមោទនភាពដែលបានជួយអ្វីមួយតាមរយៈពិសាស្រាបៀរ និងគ្រឿងស្រវឹងផ្សេងៗ។ ពិធីករ ពិធីករ គួរតែប្រើប្រាស់នូវសារដែលអព្យាក្រឹត្យ កុំជ្រុលហួសហេតុពេក ។


ដើម្បីអោយការអនុវត្កិច្ចការងារនេះអោយមានប្រសិទ្ធិភាព កាលពីថ្ងៃ៩ ខែមករា កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញលិខិតមួយដើម្បីក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ។


តាមរយៈកិច្ចប្រជុំរវាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយថ្នាក់ដឹកនាំ តំណាងស្ថានីយ៍ទូរទស្សន៍ ពេញមួយព្រឹកនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នា ក្នុងការធ្វើយ៉ាងណាអោយការផ្សាយផ្ដល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងធានាឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មមិនប៉ះពាល់ដល់សុខភាព ជាពិសេសរួមចំណែកលើកកម្ពស់ការផលិតស្ប៉ត ឬសកម្មភាពផ្សាយពាណិជ្ជកម្មប្រកប ដោយការទទួលខុសត្រូវ ដែលជាគុណប្រយោជន៍ទាំងម្ចាស់ផលិតផល និងអ្នកទទួលផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕ 


អត្ថបទ៖ ទទក








Post a Comment

0 Comments