Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមត្ថកិច្ចខេត្តកំពតអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាអគ្គីភ័យ

សមត្ថកិច្ចជំនាញបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងមន្ទីរ-អង្គភាព ប្រជាកសិករដែលធ្វើចំការនៅតាមតំបន់ភ្នំ ក៏ដូចជាប្រជាពលរដ្ឋនៅតាមជនបទត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់គ្រោះអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ ព្រោះរដូវនេះជារដូវក្តៅ ដែលនឹងងាយកើតមានឡើង។

លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា អគ្គីភ័យជាហេតុការណ៍ដែលងាយនឹងកើតឡើងបំផុត ពិសេសរៀងរាល់រដូវក្តៅ ប្រសិនបើគ្រប់គ្នាមានការធ្វេសប្រហែស ទាំងនៅទីក្រុង និងនៅតំបន់ជនបទ។ លោកបន្តថា នាឆ្នាំ២០២៣កន្លងទៅ នៅទូទាំងខេត្តមានហេតុការណ៍អគ្គីភ័យកើតឡើង ៥៦ករណី មានការកើនឡើងលើសឆ្នាំ២០២២ចំនួន ៣លើក។ ក្នុងនោះ ១១ករណីគឺឆេះព្រៃនៅតំបន់ភ្នំ និងជើងភ្នំ។ លោកនាយរងការិយាល័យបានបន្តថា ក្រៅពីឆាបឆេះព្រៃព្រោះតែការដុតយកឃ្មុំ ឬវាតដីដើម្បីដាំដំណាំផ្សេងៗ គ្រោះមហន្តរាយដោយអគ្គីភ័យនៅតាមលំនៅស្ថាន មន្ទីរ អង្គភាព ទីប្រជុំជន គឺ៥០ភាគរយ បង្កឡើងដោយទុស្សេចរន្តអគ្គិសនី និង៥០ភាគរយទៀតផ្តើមចេញពីភាពធ្វេសប្រហែស ដូចជា ការដាក់ឧបករណ៍ងាយឆេះនៅកន្លែងមានកម្តៅ ការបំពក់ភ្លើងគោ ការដុតទៀន ធូប ទាំងមិនបានឃ្លាំមើលជាដើម។ ដូច្នេះ លោកសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសមុនពេលចាកចេញពីផ្ទះ ពីមន្ទីរ-អង្គភាព ត្រូវបិទបារ៉ែតផ្តាច់ចរន្តអគ្គិសនីទោះកំពុងប្រើប្រាស់ទូទឹកកក ឬឧបករណ៍ដទៃទៀតក្តី។

លោក អ៊ន គ្រីស បានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធិរិទ្ធ ទាំងរថយន្ត ប្រេងឥន្ធន: និងសម្ភារ:បរិក្ខារផ្សេងៗមានប្រើប្រាស់គ្រប់គ្រាន់ ពោលគឺលោកស្នងការបានយកចិត្តទុកដាក់ខ្ពស់សម្រាប់ការងារពន្លត់អគ្គីភ័យ។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តកំពតមានរថយន្តពន្លត់អគ្គីភ័យចំនួន ១០គ្រឿង ខណ:ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមាន ១គ្រឿង និងមន្ទីរ-អង្គភាពនានាមានចំនួន ៧គ្រឿង។ និយាយរួម នៅទូទាំងខេត្តមានរថយន្តពន្លត់អគ្គីភ័យសរុប ១៨គ្រឿង។ ជាមួយនេះ លោក អ៊ន គ្រីស ក៏បានធ្វើការអំពាវនាវថា ក្នុងនាមសមត្ថកិច្ច លោកស្នើសុំដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិនិត្យមើលការសាងសង់ផ្សេងៗ ដោយជួយណែនាំម្ចាស់សំណង់រក្សាទុកផ្លូវឱ្យបានធំទូលាយដើម្បីងាយស្រួលរថយន្តចល័តចេញចូលពេលមានហេតុការណ៍កើតឡើង៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
























Post a Comment

0 Comments