មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ដែលប្រចាំការនៅភ្នំឈ្ងោក លោក ឈិន ហ៊ូយី បានប្រាប់ឲ្យដឹងថា រមណីយដ្ឋានភ្នំឈ្ងោក ស្ថិតនៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ចម្ងាយ១៣គីឡូម៉ែត្រពីក្រុងកំពត។ ភ្នំឈ្ងោកមានឈ្មោះល្បីល្បាញជាយូរណាស់មកហើយ ទី១ ល្បីតាមបែបអបិយជំនឿ ទី២.ល្បីតាមបែបប្រវត្តិសាស្ត្រ ។ បច្ចុប្បន្នរមណីយដ្ឋានភ្នំឈ្ងោក បានបន្សល់ទុកនូវប្រាសាទដីឥដ្ឋដែលមានអាយុវកាលជាង១ពាន់ឆ្នាំ ដែលក្នុងប្រាសាទនោះ មានថ្មដុស សណ្ឋានដូចរូបសំណាកលិង្គព្រះឥសូរ ដែលមានដំណក់ទឹកចេញពីផ្ទាំងថ្ម ស្រក់លើមិនចេះដាច់។ ភ្នំឈ្ងោកមានរូងសរុប ១២១រូង ក្នុងរូងធំៗ ដែលមានល្អាងចំនួន ៨ ដែលទេសចរអាចដើរទស្សនាបាន ហើយរូងទាំងអស់ បើតាមជំនឿរបស់ប្រជាពលរដ្ឋក្នុងភូមិថា ជាកន្លែងស័ក្តិសិទ្ធផ្សេងៗគ្នា មានដូចជា រូងនិងល្អាងប្រាទភ្នំឈ្ងោក ល្អាងភាជមាស ចែកចេញជាល្អាងភ្លេង ល្អាងពិណពាទ្យ និងល្អាងព្រះសូត្រ (គោះថ្ម លឺសំឡេងភ្លេង) ល្អាងព្រះម៉ែគង្គា កន្លែងបន់ស្រន់សុំទឹកភ្លៀង ជាដើម ។
ចំណែកមគ្គទេសក៍ទេសចរណ៍ក្នុងខេត្តកំពត លោក តារា បានប្រាប់ឲ្យដឹងដែរថា រមណីយដ្ឋានភ្នំឈ្ងោកមានឈ្មោះល្បីខ្លាំង ហើយភ្ញៀវបរទេសចូលចិត្តមកទស្សនា។ លោកបានបញ្ជាក់ថា ជាទូទៅសម្រាប់ភ្ញៀវបរទេស ពេលមកដល់ទឹកដីកំពត ពួកគាត់សួររកតំបន់ទេសចរណ៍បីមុនគេ ទី១ រមណីយដ្ឋានភ្នំឈ្ងោក ទី២ វាលស្រែអំបិល និងទី៣ ចំការម្រេច ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងដែរថា រមណីយដ្ឋានភ្នំឈ្ងោក ជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពត ដោយសារតំបន់នេះមានប្រវត្តិពាក់ព័ន្ធនឹងដើមកំណើត កុលសម្ព័ន្ពមនុស្សជំនាន់មុន ពិសេសប្រាសាទដីឥទ្ធដែលមានអាយុកាលជាង១ពាន់ឆ្នាំ គឺមុនសម័អង្គរទៅទៀត។ លោកបានបញ្ជាក់ថា បច្ចុប្បន្នទេសចរបរទេសទៅកម្សាន្តទីនោះច្រើន ខណៈដែលទេសចរក្នុងស្រុក ភាគច្រើនជាអ្នកដែលមានជំនឿលើសាសនា ទៅបួងសួងសុំសេចក្តីសុខផង និងដើរកម្សាន្តផង៕
0 Comments