Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុវជនឆ្នើមមកពី៨ខេត្តផ្សេងគ្នាធ្វើទស្សនកិច្ចសិក្សា និងយុទ្ធនាការដាំដើមកោងកាង ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ ការរក្សាសន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជានេសាទ

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) សមាគមយុវជនខ្មែរ (KYA) និងបណ្ដាញយុវជនកម្ពុជា(CYN) សហការជាមួយដៃគូក្នុងការងារប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថានធម្មជាតិ រួមនឹងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីអង្គការដៃគូ បានរួមគ្នារៀបចំដំណើរទស្សនៈកិច្ចសិក្សា សម្រាប់ក្រុមយុវជនឆ្នើម ដែលជាតំណាង ឬប្រធានក្រុម សរុបចំនួន ៨៧នាក់ មកពីបណ្តាខេត្ត-ក្រុងផ្សេងគ្នាចំនួន៨ រួមមាន ខេត្តបាត់ដំបង សៀមរាប កំពង់ចាម ស្ទឹងត្រែង ក្រចេះ រតនៈគីរី កោះកុង និងរាជធានីភ្នំពេញ។ ដែលពិធិនេះ ធ្វើឡើងនៅសណ្ឋគារមុន្នីឥស្សរា ស្ថិតភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ម៉ាត់ សេត តំណាងរាស្រ្តមណ្ឌលកំពត លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណ:អភិបាលស្រុកទឹកឈូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តកំពត លោកស្រី ចាន់ កញ្ញា អភិបាលរងក្រុងកំពត លោក លោកស្រី តំណាងមន្ទីរអប់រំ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន លោកនាយក នាយិកាប្រតិបត្តិអង្គការសង្គមស៊ីវិលផងដែរ។


លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណ:អភិបាលស្រុកទឹកឈូ ការបង្កើតឱ្យមានកម្មវិធីទស្សនកិច្ចសិក្សា និងយុទ្ធនាការដាំដើមកោងកាង នេះឡើងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការការពារបរិស្ថានធម្មជាតិ និងទប់ស្កាត់ហានិភ័យគ្រោះមហន្តរាយ ពិសេសគឺការដាំកោងកាង ដែលដើមកោងកាងនេះអាចធ្វើឱ្យជីវចម្រុះមាននិរន្តភាព រួមចំណែកការពារបរិស្ថានធម្មជាតិ រក្សាសន្តិសុខស្បៀង រួមទាំងបានផ្តល់ផលប្រយោជន៍ដល់ការចិញ្ចឹមជីវិតរបស់ប្រជានេសាទនៅតាមសហគមន៍ផងដែរ។ លោកអភិបាលស្រុកបានបន្តថា ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សានេះ យុវជននឹងអាចទទួលបាននូវចំណេះដឹង និងយល់ដឹងកាន់តែច្បាស់អំពីការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថានធម្មជាតិ ការរក្សាសន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជានេសាទនៅតាមបណ្តាសហគមន៍នានានៅទូទាំងប្រទេស ហើយយុវជននឹងមានការចូលរួមផ្សព្វផ្សាយការងារទាំងនេះជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងច្បាស់បន្ថែមទៀត។


សូមបញ្ជាក់ថា កម្មវិធីទស្សនៈកិច្ចសិក្សានេះ នឹងផ្តល់ជូនយុវជនជាមួយនឹងចំណេះដឹង មេរៀន បទពិសោធន៍ជាមួយនឹងសហគមន៍មូលដ្ឋានដែលបានបំពេញការងារស្ម័គ្រចិត្តចូលរួមសកម្មក្នុងការការពារបរិស្ថានធម្មជាតិ និងទប់ស្កាត់ហានិភ័យគ្រោះមហន្តរាយ ជាពិសេសឱ្យយុវជនបានចូលរួមក្នុងយុទ្ធនាការដាំកោងកាង ដើម្បីនិរន្តភាពជីវចម្រុះ និងទេសចរណ៍ធម្មជាតិ។ បន្ថែមពីនេះ យុវជនឆ្នើមនឹងទទួលបានយល់ដឹងអំពីច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រតាមរយៈកិច្ចពិគ្រោះយោបល់ជាមួយនឹងតំណាងរាស្ត្រ រាជរដ្ឋាភិបាល សាស្ត្រាចារ្យ អាជ្ញាធរថ្នាក់ ក្រោមជាតិ និងអាជ្ញាធរជំនាញ៕


អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments