លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា រដ្ឋបាលស្រុកបានដាក់ឱ្យដំណើរការ ការប្រឡងប្រណាំងភូមិឋានស្អាត ទាំង ៥៥ភូមិ ក្នុងស្រុកទឹកឈូ និងការប្រឡងប្រណាំងសាលារៀនគំរូ អនាម័យបរិស្ថាន ទាំង ៤៥សាលាបឋមសិក្សាក្នុងស្រុក ជាផ្លូវការចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ ក្រោមពាក្យស្លោក “បរិស្ថានស្អាត សាលារៀនគំរូ គឺផ្តើមចេញពីពួកយើង គ្រប់យ៉ាងដើម្បី “ទឹកឈូ ផ្ទះយើង” ហើយការប្រកាសលទ្ធផលវាយតម្លៃ នឹងធ្វើឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ខាងមុខ។
នាយកសាលាបឋមសិក្សាក្បាលរមាស លោក ស៊ី ប៊ូន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នសាលាមានអគារបីខ្នង អាគារចាស់ទ្រុឌទ្រោមប្រើការមិនកើត ១ខ្នង និងអគារសិក្សា ២ខ្នង ស្មើនឹង ៩បន្ទប់ មានសិស្សសរុប ៤២៩នាក់។ កន្លងមកក្រសួងមានកម្មវិធីសាលាកុមារមេត្រី ដែលមាន៣កម្រិត (កម្រិតមូលដ្ឋាន ធម្យម និងកម្រិតអភិវឌ្ឍន៍) ហើយសាលាបឋមសិក្សាក្បាលរមាស ស្ថិតក្នុងសាលារៀនកម្រិតមធ្យមនៅឡើយទេ។ លោកនាយកបានបន្តថា ការប្រកាសដាក់ឱ្យប្រើប្រាស់សាលាស្តងដាគំរូ សាលាបឋមសិក្សាក្បាលរមាសក៏មិនទាន់បានទទួលចំណាត់ថ្នាក់នៅឡើយដែរ។ ដោយឡែកចំពោះគំនិតផ្តួចផ្តើមដាក់ឱ្យមានការប្រឡងប្រណាំងភូមិឋានស្អាត និងសាលារៀនគំរូ អនាម័យបរិស្ថាន(បឋមសិក្សា) របស់អាជ្ញាធរស្រុកទឹកឈូ គឺជាគំនិតមួយល្អបំផុតសម្រាប់សាលាររៀន និងសិស្សបឋម ព្រោះចលនាប្រឡងប្រណាំងនេះ អាចជួយឱ្យពលរដ្ឋ និងសិស្សសាលាកាន់តែយល់ដឹងច្បាស់ និងចូលរួមថែរក្សាអនាម័យបរិស្ថានធ្វើឱ្យភូមិឋានស្អាតបៃតង ពលរដ្ឋមានសុខភាពរឹងមាំ ព្រមទាំងអាចទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។
ចំណែកមេភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត លោក ប៉ាន់ ប៉ុន បានលើកឡើងដែរថា ក្រោមការដឹកនាំរបស់អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ធ្វើឱ្យលោក ព្រមទាំងប្រជាពលរដ្ឋពេញចិត្តយ៉ាងខ្លាំង ដោយសារលោកអភិបាលមានគំនិតដឹកនាំឈ្លាសវៃ មានផែនការអនុវត្តច្បាស់លាស់ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅក្នុងការទទួលសេវាសាធារណៈ និងសេវារដ្ឋបាលផ្សេងៗ ជាក់ស្តែងការបង្កើតឱ្យមានចលនាប្រឡងប្រណាំងភូមិឋានស្អាត និងសាលារៀនគំរូ អនាម័យបរិស្ថាននេះ ជាគំរូល្អណាស់សម្រាប់បណ្តាក្រុង-ស្រុកផ្សេងៗ ព្រោះខេត្តកំពតជាខេត្តគោលដៅទេសចរណ៍មួយដ៏ល្បីល្បាញមួយរបស់កម្ពុជា ហើយក៏ជាខេត្តជាប់នឹងឆ្នេរសមុទ្រកម្ពុជាក្នុងចំណោមខេត្តទាំង៤។
សូមបញ្ជាក់ថា ចំពោះភូមិឋាន និងសាលារៀនដែលត្រូវបានគណៈកម្មការវាយតម្លៃជ្រើសរើសជាភូមិឋានស្អាត និងសាលារៀនគំរូ ចំពោះចំណាត់ថ្នាក់លេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ៥លានរៀល ចំណាត់ថ្នាក់លេខ២ ទឹកប្រាក់ចំនួន ៣លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល៕
អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments