Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ទេសចរអាចទៅទស្សនាសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច បានហើយ ខណៈមានសត្វក្រៀលជាង ២០ក្បាលបានមកដល់

អន្លង់ព្រីងជាកន្លែងដ៏សំខាន់សម្រាប់សត្វក្រៀលស្នាក់នៅ និងរកចំណីក្រោយពេលពពួកសត្វកម្រនេះធ្វើបន្លាស់ទីមកពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ អំឡុងចុងខែវិច្ឆិកា ឬដើមខែធ្នូ។ លុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីងទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

តាមការឱ្យដឹងពីមន្ត្រីអង្គការ Nature Life កាលពីថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្រាប់អ្នកទេសចរសត្វស្លាប នៅពេលនេះអាចមកទស្សនាសត្វក្រៀលបានហើយ។ សត្វក្រៀលប្រមាណច្រើនជាង ២០ក្បាល បានមកដល់តំបន់ការពារទេសភាពអន្លង់ព្រីង ហើយពួកវាកំពុងរកចំណីក្នុងតំបន់អភិរក្ស និងក្នុងស្រែស្រូវមិត្តក្រៀល ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងអភិរក្សសត្វក្រៀល ដែលកំពុងរងគ្រោះឈានទៅជិតផុតពូជ និងទីជម្រករបស់វានៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នេះដែរ។

តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ហិកតា ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ។ វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជា សត្វខ្វែកសមុទ្រស្លាបឆ្នូត ស, ទាព្រៃក្បាលឆ្នូត ស ផងដែរ។

សត្វក្រៀលគឺជាសត្វស្លាបត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ ហើយសត្វក្រៀលជាស្តត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ជាទូទៅមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ចាប់ពី ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹង នៅទីតាំងជិតៗកន្លែងរកចំណីរបស់វា នៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក ផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ផ្នែកខាងលើបំផុត និងត្រចៀកមានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែសត្វក្រៀលញីមានមាឌតូចជាងសត្វក្រៀលឈ្មោលបន្តិច៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត








Post a Comment

0 Comments