នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ បានអញ្ជើញជាជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ទូទាំងខេត្តកំពត ដែលរៀបចំនៅបរិវេណពហុកីឡដ្ឋានខេត្ត។ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ្នកតំណាងរាស្ត្របានលើកឡើងថា សមិទ្ធផលទាំងឡាយរបស់សង្គមដែលមានក្នុងពេលបច្ចុប្បន្ននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សះផ្សាបង្រួបបង្រួមជាតិមាតុភូមិ ស្វែងរកសុខសន្តិភាពពេញបរិបូរណ៍នៅទូទាំងប្រទេស ហើយបានធ្វើឱ្យចៅៗមានឱកាសសិក្សារៀនសូត្រ និងទទួលបានជ័យលាភីក្នុងការប្រឡងនៅពេលនេះ ស្របពេលដែលគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា សម័យបច្ចុប្បន្ន ចំណេះដឹងជាទ្រព្យសំខាន់បំផុតមិនអាចខ្វះបាន ដូច្នេះហើយចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ហើយធ្វើខ្លួនជាមនុស្សល្អ ដើម្បីអាចចូលរួមជួយសង្គមជាតិទៅថ្ងៃមុខឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សារៀនសូត្រ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងរៀនឱ្យបានខ្ពង់ខ្ពស់ ដើម្បីឈានទៅដល់ការយកចំណេះដឹងទាំងនោះមកបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងប្រទេស ពិសេសចូលរួមអភិវឌ្ឍន៍សង្គមជាតិទាំងមូល។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ទៅកាន់សិស្សានុសិស្សដែរថា ធ្វើជាមនុស្សត្រូវមានលម្អ៤យ៉ាងគឺ សំពត់អាវលម្អរូបកាយ គុណធម៌ទាំងឡាយលម្អផ្លូវចិត្ត ចំណេះវិជ្ជាលម្អផ្លូវជីវិត មាយាទនោះពិតលម្អត្រកូល ទើបយើងជាមនុស្សល្អ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន ៩១នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ Honda Beat 2024 ១គ្រឿង និងពានរង្វាន់ម្នាក់ ១គ្រឿង និងថវិការ ៤០ម៉ឺនរៀលផងដែរ និងផ្តល់ជូនថវិការមួយចំនួនដល់អ្នកចូលរួម មានលោកនាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានប្រឡប់ជាប់ទូទាំងខេត្ត ពិសេសផ្តល់អាហាររូបករណ៍ជូនសិស្ស ក្រីក្រ និងងាយរងគ្រោះ ចំនួន ២០០កន្លែងនៅមហាវិទ្យាល័យ សម្រាប់ឆ្នាំ២០២៤នេះ ដែលសិស្សានុសិស្សអាចដាក់ពាក្យបាននៅទីតាំងរៀបចំកម្មវិធីតែម្តង៕
0 Comments