AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣-- រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកវិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាសារនាំពាក្យ ជាអ្នកចែករំលែកចំណេះដឹងរបស់ប្រជាពលរដ្ឋ និងពិភពលោក។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ លើប្រធានបទ “វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍លើកទឹកចិត្តដល់សមាគមសារព័ត៌មានទាំងអស់ ត្រូវបណ្ដុះបណ្ដាលផ្ទៃក្នុង និងអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលចង់ពង្រឹងសមត្ថភាព សូមអញ្ជើញមកក្រសួង ព្រោះក្រសួងព័ត៌មាននឹងមានរៀបចំវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន វគ្គបណ្ដុះបណ្ដាលពីការសរសេរព័ត៌មាន បទយកការណ៍ ការកែសម្រួល និងវគ្គផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ ក្នុងការរួមចំណែកពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាឱ្យកាន់ល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានដាក់ចេញនូវទិសដៅការងារសំខាន់ៗជាច្រើនក្នុងការធានាសន្តសុខព័ត៌មាន ដើម្បីឱ្យវិស័យព័ត៌មានរីកចម្រើន ស្របទៅនឹងបរិបទឌីជីថល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងគិតគូរដាក់ចេញនូវទិសដៅការងារសំខាន់ៗជាច្រើនក្នុងការធានាសន្តិសុខព័ត៌មាន គឺទី១. ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២. គឺយើងនិយាយអំពីគុណភាពព័ត៌មាន និងទី៣. គឺសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាជនកម្ពុជានៅក្នុងបរិបទឌីជីថល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា កិច្ចការងារនេះគឺដើម្បីគាំពារទៅលើមន្ត្រី និងអ្នកសារព័ត៌មាន គិតគូរអំពីគុណភាពព័ត៌មាន ដែលសំដៅទៅលើការពង្រឹងសន្តិសុខព័ត៌មានសម្រាប់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ ចំពោះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ គឺជាការចាំបាច់ហើយអាទិភាពនៅក្នុងបរិបទដែលប្រទេសកម្ពុជា និងពិភពលោកស្ថិតនៅក្នុងបរិបទឌីជីថល ដែលត្រូវការធ្វើយ៉ាងម៉េចឱ្យមានសុវត្ថិភាពនៃព័ត៌មានដែលត្រូវផ្សព្វផ្សាយ ព្រោះវាជាការបំពុលមួយដែរ។
សូមជម្រាបជូនថា វេទិកានេះ មានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក តំណាងសមាគម និងដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត, វិទ្យុ, ទូរទស្សន៍, រួមទាំងសារព័ត៌មានអនឡាញសរុបមានចំនួន ១១៤នាក់ មកពី ៧១អង្គភាព ជួបជុំគ្នាដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»។ រហូតមកដល់ពេលនេះ ក្លិបអ្នកកាសែតកម្ពុជា នៅតែកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តន៍នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវនៅឡើយ ដែលនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០នេះ បានជជែកពិភាក្សាយ៉ាងល្អិតល្អន់ឡើងវិញលើបញ្ហាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងស្វះស្វែងរកវិធី ឬបង្កើតយន្តការណាមួយសំដៅធ្វើយ៉ាងណាជួយតម្រង់ទិសអ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យចូលរួមកាន់តែសកម្មក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ហើយចាត់ទុកការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈជាប្រការសំខាន់ក្នុងការងារប្រចាំថ្ងៃ៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា
0 Comments