មានមតិក្នុងអង្គសិក្ខាសាលា ឯកឧត្តម មាន ពិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខប្រមាញ់នឹងនេសាទ បានមានប្រសាសន៍ថា
បច្ចុប្បន្ន ដើម្បីឱ្យវិស័យនេះកសិកម្មមានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង ដែលនាំដល់កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន។ ជារួម គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។ ឆ្លើយតបចំពោះកាលានុវត្តភាពថ្មីនេះ រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងរៀបចំនូវយន្តការ ស្ថាប័ន លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងអភិវឌ្ឍន៍សមត្ថភាពជំនាញពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត កែ មន្ធីវុធ ប្រធាននាយកដ្ឋាន ការពារដំណាំ អនាម័យ ភូតគាមអនាម័យ បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធអំពីវិធានការភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញ-នាំចូលទំនិញជាផលិតផលកសិកម្ម .ធ្វើការពិគ្រោះយោបល់ ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីរៀបចំសំណើសុំចរចាស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេន និងម្នាស់ទៅកាន់ទីផ្សារប្រទេសចិន និង. ចូលរួមចំណែកពង្រឹង និងពង្រីកភាពប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃដំណាំទុរេន និងម្នាស់ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសជាដៃគូពាណិជ្ជកម្មសេរី។
សូមបញ្ជាក់ថា កំណើននៃបរិមាណនាំចេញនេះគឺបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជាក្នុងនោះ វិធានការអនាម័យនិងភូតគាមអនាម័យ បាននិងកំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ពិសេសផលិតផលកសិកម្មមួយចំនួនដែលជាប្រភេទផលិតផលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ ដែលការនាំចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ៕
អត្ថបទ៖ ញ៉ឹប ស៊ីវន, រូបភាព៖ ហង្ស សង្ហា
0 Comments