Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតគ្រោងអភិរក្ស និងកែច្នៃព្រែកទាំងអស់ដែលមានក្នុងខេត្តឱ្យទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញបំផុត

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រ ហើយក៏ជាខេត្តមួយដែលសំបូរទៅដោយតំបន់ទេសចរណ៍ដ៏គួឱ្យទាក់ទាញផងដែរ។ ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែង និងជាប្រភពចំណូលមិនចេះរីងស្ងួត ដូច្នេះយើងត្រូវតែមានគំនិតក្នុងការកែច្នៃនូវទីតាំងនានាដែលអំណោយផលដល់វិស័យនេះ ពិសេសគឺព្រែកនៅក្នុងខេត្តទាំងអស់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តគ្រោងនឹងសិក្សាពិនិត្យលើព្រែកទាំង១៣ ដែលមាននៅក្នុងខេត្តដើម្បីកែច្នៃធ្វើយ៉ាងណាឱ្យក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយក្នុងនោះការអភិរក្សនូវរុក្ខជាតិសមុទ្រកុំឱ្យបាត់បង់គឺជាការចាំបាច់។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋគឺមិនត្រូវឱ្យបាត់បង់ ហើយដីចំណីព្រែកទាំងអស់នឹងត្រូវយកមកបំរើផលប្រយោជន៍សាធារណៈ និងសម្រាប់ពង្រីកជាតំបន់ទេសចរណ៍នៅលើព្រែកទាំងនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពតមានការកើនឡើងនូវតំបន់លម្ហែសម្រាប់ទទួលភ្ញៀវទេសចរហូតដល់ ៣៦កន្លែង។ មណ្ឌលកម្សាន្តទាំងនោះរួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments