Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាករចំណុះទូក ង មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ត្រូវបន្តហ្វឹកហាត់ ឱ្យបានល្អបន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះក្នុងចូលរួមប្រកួត




AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក ង មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ ដែលមកពីស្រុកកោះសូទិន ខេត្តកំពង់ចាម និងបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយឯកឧត្ដមរដ្ឋមន្រ្ដី បាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងចូលរួមប្រណាំងប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ចំណុះ ទូក ង មហិទ្ធិឫទ្ធិនាគរាជ សំណាង សែនជ័យ ត្រូវបន្តហ្វឺកហាត់ឱ្យបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារ ឯកសណ្ឋាន គ្រឿងឧបភោគ បរិភោគ និងថវិកាចែកជូនកីឡាករចំណុះទូក «មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍លើកឡើងថា បើសិនជាក្រុមកីឡាករ ទូក ង មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ទទួលបានជ័យជម្នះរយៈពេល ៣ ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្ដី នឹងផ្តល់ជូនថវិកាលើកទឹកចិត្តបន្ថែមទៀត ចំនួន ១០ លានរៀល ។

សូមជម្រាបជូនថា ទូក ង មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុង និងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់។ ចំពោះទីតាំងចំណតទូក ង មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ស្ថិតនៅមាត់ទន្លេខាងមុខ សាលាបឋមសិក្សាដើម គ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់អំណោយដែលឯកឧត្ដមរដ្ឋមន្រ្ដីត្រូវចែកជូនដល់ចំណុះទូក ង មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ រួមមាន ថវិកា ២៦ លានរៀល ខោ អាវ ចំនួន ៣០០ កំប្លេ និងមួកចំនួន ៣០០ មានពណ៌ ស ខៀវ និង លឿង ដែលមានដាក់ ឡូហ្គោក្រសួងព័ត៌មាន និង ឈ្មោះ ទូក ង មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ, អង្ករ ២០០ គីឡូក្រាម, មី ២០ កេស, ត្រីខ ១ កេស ស្មើ ១០០ កំប៉ុង, គោជល់ ៣០ កេស, ភេសជ្ជៈបាកាស ២០ កេស, ប្រេងឆា ១ កេស, ទឹកស៊ីអ៊ីវ ២ យួរ, ទឹកត្រី ២ យួរ, ស្ករ៥ គីឡូក្រាម, អំបិល ៥ គីឡូក្រាម, ខ្ទឹម ស ៥ គីឡូក្រាម, ប៊ីចេង ២ គីឡូក្រាម និង ម្ស៉ៅស៊ុប ២ គីឡូក្រាម៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា






Post a Comment

0 Comments