Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមនាយកឧត្តមសេនីយ៍ ខេង សាម៉េត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុវសិស្ស អន ផានិត ដែលជាប់និទ្ទេស A

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងដើម្បីសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុវសិស្ស អន ផានិត ជាសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A មកពីវិទ្យាល័យ សម្តេច ជា ស៊ីម អង្គរជ័យ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជីវភាពខ្វះខាត ព្រមទាំងមានឪពុកម្តាយជាជនពិការ។

ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារក្មួយប្រុស អន ផានិត ដែលមានជីវភាពខ្វះខាតកាលពីថ្ងៃម្សិលមិញ ឯកឧត្តមបានដឹកនាំក្រុមការងារមកចុះពិនិត្យ និងសិក្សាផ្ទាល់ដល់ទីតាំងជាក់ស្តែង ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគ្រួសារក្មួយប្រុសនាពេលដ៏ខ្លីខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារយកមកដោយលំបាកជូនជាតិ ជូនប្រជាជនរួចមក សម្តេចតេជោនៅតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ពិសេស សិស្ស និស្សិតក្រីក្រ ដែលជានិច្ចជាកាលសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត តែងតែទទួលរ៉ាប់រង ទំនុបបម្រុង និងឧបតម្ភគាំទ្រដល់ការសិក្សារៀនសូត្រជានិច្ច។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ជាក់ស្តែងការឧត្ថម្ភសម្រាប់ក្មួយ អន ផានិត នាពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សិស្ស និស្សិត ដែលមានជីវភាពក្រីក្រជួបការលំបាក ធ្វើយ៉ាងណាឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីជួយជ្រោងជីវភាពគ្រួសារ ក៏ដូចជាចូលរួមបំរើប្រទេសជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ អ្នកស្រី តុប មករា ជាម្តាយរបស់យុវសិស្ស អន ផានិត រួមទាំងស្វាមីនិងកូនៗ ក៏បានសំដែងនូវក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលលោកទាំងពីរមានចិត្តសណ្តោសប្រណី យកចិត្តទុកដាក់ទំនុកបម្រុងចំពោះការសិក្សារៀនសូត្ររបស់កូន ក៏ដូចជាផ្តល់ផ្ទះថ្មី ក៏ដូចជាការទំនុកបម្រុងផ្សេងៗទៀតដល់ក្រុមគ្រួសារដែលកំពុងជួបប្រទះនូវការលំបាក។

យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្តល់ជូន និងឧបតម្ភដល់ យុវសិស្ស អន ផានិត មានដូចជា៖ សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន៖ ១.ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ, ២.ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង, ៣.សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារ, ៤.ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឱ្យអស់, ៥.ឧបត្ថម្ភប្រចាំខែ ១លានរៀលដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត ដើម្បីសម្រួលជីវភាព៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments