Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកទឹកឈូ ធ្វើយុទ្ធនាការដាំដើមក្ងោក ៣០០ដើម អមសងខាងផ្លូវទៅរមណីយដ្ឋានទឹកឈូ ដើម្បីទាក់ទាញភ្ញៀវទេសចរ

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរស្រុកទឹកឈូ បានធ្វើយុទ្ធនាការដាំដើមក្ងោកចំនួន ៣០០ដើម នៅតាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងយុទ្ធនាការនេះ ក៏មានរួមពីដៃគូសហការ ព្រមទាំងមានការចូលរួមពីសំណាក់ កងកម្លាំងទាំងបីប្រភេទ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ការបង្កើតឱ្យមានយុទ្ធនាការដាំដើមក្ងោកអមសងខាងផ្លូវទៅកាន់រមណីយដ្ឋានទឹកឈូនេះឡើង គឺក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ និងបរិស្ថាន ហើយដើមក្ងោកគឺជារុក្ខជាតិមួយដែលមានផ្កាស្រស់ស្អាតនៅពេលដែលដើមក្ងោកចេញផ្កា ដែលអាចធ្វើឱ្យមានសោភ័ណភាពនៅតាមដងផ្លូវមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ចំពោះយុទ្ធនាការនេះ អាជ្ញាធរស្រុកនិងបន្តធ្វើនៅតាមបណ្តោយផ្លូវជាតិ និងផ្លូវលំសំខាន់ៗ ក៏ដូចជានៅតាមតំបន់ដែលជាគោលដៅទេសចរណ៍នៅក្នុងស្រុកទឹកឈូ។ ហើយក្នុងយុទ្ធនាការនេះដែរ ក៏មិនសំដៅទៅលើតែការដាំដើមក្ងោកតែមួយមុខនោះទេ គឺអាជ្ញាធរស្រុកនឹងពិនិត្យយករុក្ខជាតិផ្សេងៗទៀតដើម្បីដាំលម្អនៅតាមផ្លូវ និងតំបន់ផ្សេងៗទៀត ដោយឡែកសម្រាប់ផ្លូវទៅរមណីយដ្ឋានទឹកឈូ គឺអាជ្ញាធរស្រុកជ្រើសរើសយកដើមក្ងោក។

ក្នុងឱកាសនោះ លោក អ៊ឹម ច័ន្ទសោធន អភិបាស្រុកទឹកឈូ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវចូលទៅកាន់រមណីយដ្ឋាននានាក្នុងស្រុកទឹកឈូ ពិសេសតាមបណ្តោយផ្លូវចូលទៅកាន់រមណីយដ្ឋានទឹកឈូ សូមចូលរួមថែក្សានូវដើមក្ងោកដែលបានដាំនេះ ពិសេសចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាតល្អ កុំបោះចោលសំរាមពាស់វាលពាស់កាល ក្នុងន័យចូលរួមជាមួយអាជ្ញាធរដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments