Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា៖ ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយតម្រង់ទិសទស្សនាទាននៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលចតុមុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន រហូតដល់ថ្នាក់រដ្ឋលេខាធិការ និងបណ្តាប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានាឱកាសនេះ គឺពាក់ពន្ធ័ដល់ដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការងារមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ជាអទិភាពក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសនៅក្នុងអាណត្តិទី៧ ។ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការរំលឹកឡើងវិញនៅក្នុងអាណត្តិរាជរដ្ឋាភិបាល ទី ៥ និង ទី ៦ បានដឹកនាំធ្វើកំណែទម្រង់ ៤ សំខាន់ ជាកំណែទម្រង់ ៣ បូក ១ ដោយផ្តោតជាសំខាន់លើការកែទម្រង់រដ្ឋបាលសាធារណៈ , កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ , កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ , កំណែទម្រង់ប្រពន្ធ័យុត្តិធម៍ ។


សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ រហូតមកដល់ថ្ងៃនេះ មានរយៈពេល ៨២ ថ្ងៃ ហើយក្នុងពេលបន្តបន្ទាប់មកនេះ តាមក្រសួង ស្ថាប័ន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី តែងធ្វើការប្រជុំជាច្រើនដង គឺដើម្បីដាក់ចុះនូវគោលនយោបាយ ផែនការសកម្មភាព សម្រាប់ដំណើរការរដ្ឋាភិបាលថ្មី អោយបានកាន់តែល្អបន្តទៅមុខទៀត ។


ឯកឧត្តម បានបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានទុកពេលអោយ១ឆ្នាំ អោយក្រសួងស្ថាប័ន ធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមាន៣ចំណុចសំខាន់ គឺការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត។

ចំណុចសំខាន់ៗដែលក្រសួងព័ត៌មានត្រូវធ្វើចាប់ពីពេលនេះទៅគឺការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សអោយបានរឹងមាំ ដោយត្រូវប្រមូលម្តុំមន្រ្តីធ្វើជាជារួមឡើងវិញ ហើយនៅឆ្នាំ២០២៤ នឹងមានការចុះអវត្តន៍មានមន្ត្រីដែលមកបំពេញការងារ ចំពោះមន្រ្តីមួយចំនួនដែលបានព្យូរការងារលើសពីរដង ហើយមិនមកធ្វើការនឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌក្រសួងព័ត៌មាន ព្រោះក្រសួងត្រូវរៀបចំធនធានមនុស្សឡើងវិញអោយមានគុណភាព និងសមត្ថភាព ដើម្បីបំពេញកិច្ចការងារអោយមានប្រសិទ្ធិភាព។


ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីធ្វើឱ្យកិច្ចការងារនេះបានទៅដោយរលូន គឺត្រូបន្តការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានអនុវត្តន៍កន្លងមក ដែលមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងដាក់ចេញនូវវិធានការគន្លឹះនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាលអាណត្តិទី៧ ដើម្បីសម្រេចអោយបានលទ្ធផលជាក់ស្តែងក្នុងផ្នែកគន្លឹះនៃរដ្ឋបាលសាធារណៈ ដោយផ្តោតលើការពង្រឹងគុណភាព ប្រសិទ្ធិភាព និងសមិទ្ធិកម្ម របស់មន្រ្តី និងស្ថាប័ន តាមរយៈវិធានការជាក់ស្តែង រួមមាន, ការដាក់អោយអនុវត្តន៍ប្រពន្ធ័ជ្រើសរើសមន្រ្តីអោយចូលបំពេញកិច្ចការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិញ្ញាប័ណ្ណ និងប្រសិទ្ធភាព។


ការពង្រឹងសមត្ថភាព និងសមិទ្ធិកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធិភាព និងសក្តិសិទ្ធភាព។ ការដាក់អោយអនុវត្តន៍ ប្រពន្ធ័លើកទឹកចិត្តគាំទ្រសមិទ្ធិកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធិភាព ហើយអ្វីសំខាន់គឺ រួមចិត្ត រួមគំនិត រួមសកម្មភាព។

នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានេះដែរ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ ទទួលបន្ទុកដឹកនាំ និងសម្របសម្រួលលើការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញអំពី ទស្សនាទាននៃការកែទម្រង់រដ្ឋបាលសាធារណៈ បទបង្ហាញស្តីពី ជំហាន និងសកម្មភាពដែលត្រូវអនុវត្ត ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ និងក្រមសីលធម៌វិជ្ជាជីវៈការងារ ដើម្បីត្រៀមលក្ខណៈចូលរួមចំណែកអនុវត្តកម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈ លើការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មរបស់ក្រសួងព័ត៌មាន គឺការដាក់ឱ្យពិនិត្យមើលឡើងវិញនូវមុខងារ និងលិខិតបទដ្ឋានគតិយុត្តិនានា កម្មវិធីការងារ ផែនការ សកម្មភាព ផែនការបុគ្គលិក ថវិកាតាមកម្មវិធី ដែល បាននិងកំពុងអនុវត្ត និងដើម្បីធ្វើឱ្យមានសង្គតិភាពនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ការរៀបចំ និងការដាក់ឱ្យអនុវត្តឧបករណ៍ការងារគតិយុត្ត លើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផ្តល់ដំណោះស្រាយយុត្តិធម៌ ឬសមធម៌ ចំពោះវិវាទ ឬការតវ៉ានានាពាក់ព័ន្ធនឹងដែនសមត្ថកិច្ចក្នុងក្របខណ្ឌរបស់ក្រសួងព័ត៌មានដែលជាកិច្ចការអាទិភាព៕


ដោយ៖ ទទក













Post a Comment

0 Comments