Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្នុងរយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកង ខេត្តកំពតមានភ្ញៀវទេសចរ មកទស្សនា និងសម្រាកកម្សាន្តចំនួន ៥២ម៉ឺននាក់

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនៃការប្រណាំងទូកង ខ្នាតប្រពៃណីក្នុងខេត្តកំពត មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តសប្បាយ និងសម្រាកលំហែតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានាក្នុងខេត្ត សរុបចំនួន ៥២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ១.៣៧៥នាក់ (ថ្ងៃទី១ ភ្ញៀវទេសចរសរុបចំនួន ២៥ម៉ឺននាក់ និងថ្ងៃទី២ ភ្ញៀវទេសចរសរុបចំនួន ២៧ម៉ឺននាក់)។ លោកប្រធានមន្ទីរបានបន្តថា ការរៀបចំព្រឹត្តិការណ៍នៃពិធីប្រណាំងទូកងខ្នាតប្រពៃណីក្នុងខេត្តកំពតឆ្នាំនេះ គឺមានភាពទាក់ទាញ និងអធិកធម ព្រមទាំងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសពលរដ្ឋតាមបណ្តាខេត្តនានាបានមកលេងកម្សាន្តច្រើន។

ពាក់ព័ន្ធនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសនៃពិធីប្រណាំងទូកងរយៈពេល២ថ្ងៃក្នុងខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានរៀបចំកម្លាំងចំរុះចំនួន ១.១៤៥នាក់ ដើម្បីជួយសម្រួលចរាចរណ៍ និងថែរក្សាសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានបន្តថា ក្នុងរយៈពេល២ថ្ងៃនៃពិធីប្រណាំងទូកងខេត្តកំពត ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ទាំងបញ្ហាចរាចរណ៍ក៏ពុំមានការកកស្ទះនោះទេ ហើយប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ។

តាមការឱ្យដឹងពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងក្នុងពិធីបិទការប្រណាំងទូកងថា សម្រាប់ឆ្នាំក្រោយៗ ពិធីប្រណាំងទូកងនេះនឹងធ្វើឡើងឱ្យកាន់តែធំជាងនេះ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចូលរួមសហការគ្នាក្នុងការរៀបចំ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យពិធីប្រណាំងទូកងខេត្តកំពតឆ្នាំនេះ បានព្រឹត្តិទៅដោយរលូន និងបញ្ចប់ទៅដោយភាពជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយបំផុត៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង































Post a Comment

0 Comments