Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ញៀវទេសចរ និងសេវាករថ្លែងអំណរគុណអាជ្ញាធរខេត្តកំពតដែលបានរៀបចំពិធីប្រណាំងទូកបានល្អ និងទាក់ទាញបំផុត

ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា ស្រី ពេជ្រ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា គាត់មកលេងខេត្តកំពតជាញឹកញាប់ ព្រោះកំពតមានកន្លែងដើរលេងច្រើន ម្យ៉ាងកំពតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ មកម្តងប្លែកអារម្មណ៍ម្តង ជាក់ស្តែងដូចការមកចូលរួមទស្សនាការប្រណាំងទូកងលើកនេះ គឺកាន់តែពិសេសជាមួយទិដ្ឋភាពនៃការរៀបចំក៏ល្អ និងមានភាពទាក់ទាញខ្លាំង ប្រៀបដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិមួយ។

ចំណែកក្រុមអាជីវករលក់ដូរនៅផ្សារក្រណាត់ នៃក្រុងកំពត បានប្រាប់ឱ្យដឹងថា  អាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន បានរៀបចំពីធីប្រណាំងទូកងនៅឆ្នាំនេះ គឺបានល្អខ្លាំង ហើយមានភាពទាក់ទាញពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាច្រើន ធ្វើឱ្យអាជីវកម្មរបស់ពួកគាត់លក់ដាច់ច្រើនជាងមុន។ អាជីវករទាំងនោះបានបន្ថែមទៀតថា ឆ្នាំនេះ សង្កេតឃើញថាគឺមានភាពខុសប្លែក និងទាក់ទាញជាងឆ្នាំមុនច្រើន ពិសេសការតុបតែងលម្អភ្លើងតាមទីសាធារណៈ។

រីឯអ្នកផ្តល់សេវារស្នាក់នៅ កញ្ញា ផន សុជាតិ ធ្វើការនៅសណ្ឋាគារ សាន់នី បានប្រាប់ឱ្យដឹងថា សណ្ឋាគារ សាន់នី មាន៥៤បន្ទប់ ចែកជាបួនប្រភេទ និងភោជនីយដ្ឋាន ហាងកាហ្វេរ ព្រមទាំងសេវាបន្ទប់ប្រជុំផងដែរ។ ចំពោះអំឡុងពេលនៃការរៀបចំពិធីប្រណាំងទូកង សណ្ឋាគារមានភ្ញៀវមកស្នាក់នៅជិតពេញ។ កញ្ញាបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានរៀបចំពិធីប្រណាំងទូកង ដ៏អធឹកអធមនេះឡើង ធ្វើឱ្យសេវាករ និងពលរដ្ឋក្នុងខេត្តកំពតអាចទទួលបានចំណូលពីព្រឹត្តិការណ៍នេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនៃការប្រណាំងទូកក្នុងខេត្តកំពត មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តសប្បាយ ចំនួនសរុប ៥២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ១.៣៧៥នាក់ (ថ្ងៃទី១ ភ្ញៀវទេសចរសរុបចំនួន ២៥ម៉ឺននាក់ និងថ្ងៃទី២ ភ្ញៀវទេសចរសរុបចំនួន ២៧ម៉ឺននាក់)។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងក្នុងពិធីបិទការប្រណាងទូកងថា ចំនួនពលរដ្ឋ និងភ្ញៀវទេចរជាតិ និងអន្តរជាតិដែលបានមកចូលរួមទស្សនាការប្រណាំងទូកង និងដើរលេងកម្សាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្តកំពត រយៈពេលពីថ្ងៃនេះកន្លងទៅនេះ មានចំនួនច្រើនហួសពីការរំពឹងទុករបស់រដ្ឋបាលខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការរៀបចំធ្វើឱ្យពិធីប្រណាំងទូកងខេត្តកំពតឆ្នាំនេះ បញ្ចប់ទៅដោយភាពជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយបំផុត ហើយឆ្នាំក្រោយនឹងធ្វើឱ្យកាន់តែធំជាងនេះទៅទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង






















Post a Comment

0 Comments