Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកទឹកឈូ និង ស.ស.យ.ក រៀបចំយុទ្ធនាការ ចែករំលែកក្តីស្រឡាញ់ដល់បេក្ខជនប្រឡងបាក់ឌុបទាំង៣មណ្ឌលប្រឡងក្នុងស្រុក

ដើម្បីលើកទឹកចិត្ត សម្រួលដល់ការលំបាក និងការចំណាយរបស់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦-០៧  ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ បានផ្តល់កន្លែងផ្ញើកង់ ម៉ូតូ ទឹកសុទ្ធ និងអាហារថ្ងៃត្រង់ ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងបាក់ឌុបទាំង ៣មណ្ឌលក្នុងស្រុកទឹកឈូ។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការត្រៀមលក្ខណៈរៀបចំការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ឃើញថាដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីកើតឡើងគួរឱ្យកាត់សំគាល់នោះទេ។ ដោយឡែកសម្រាប់ស្រុកទឹកឈូ មាន ៣មណ្ឌលប្រឡង ហើយអាជ្ញាធរ បានសហការជាមួយ ស.ស.យ.ក ស្រុកទឹកឈូ បានរៀបចំយុទ្ធនាការ ចែករំលែកក្តីស្រឡាញ់ដល់បេក្ខជនប្រឡងបាក់ឌុបទាំង៣មណ្ឌលប្រឡងក្នុងស្រុក រួមមានមណ្ឌលវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល និងមណ្ឌលវិទ្យាល័យត្រសេកកោង ដែលទាំងបីមណ្ឌលនេះមានបេក្ខជនប្រឡងចំនួន ១.៥២៥នាក់ ហើយតាមរយៈយុទ្ធនាការនេះ រដ្ឋបាលស្រុកបានរៀបចំកន្លែងផ្ញើ កង់ ម៉ូតូ ចែកទឹកសុទ្ធ និងចែកអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃដល់បេក្ខជន។     

យុវសិស្ស អេង វ៉ាន់នឿន មកពីសាលាវិទ្យាល័យ អង្គ-រមាស ស្រុកដងទង់ បានបង្ហាញសេចក្តីពេញចិត្តចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ  ថាមិនត្រឹមតែប្រឹងប្រែងអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការរៀបចំការប្រឡងឱ្យល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានលើកទឹកចិត្ត និងផ្តល់កន្លែងផ្ញើ កង់ ម៉ូតូ ទឹកសុទ្ធ និងអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ  ជូនដល់បេក្ខជនប្រឡងទាំងអស់ផងដែរ ដែលនេះបង្ហាញឱ្យឃើញពីការស្រឡាញ់ និងចូលរួមកាត់បន្ថយការចំណាយរបស់បេក្ខជនដែលមកប្រឡង។

ខេត្តកំពតសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងខេត្តកំពតមានបេក្ខជនចំណេះទូទៅ និងស្វ័យរិន សរុបចំនួន ៥.៦០០នាក់ ក្នុងនោះ ស្រីមានចំនួន ២.៩៤៨នាក់ មានមណ្ឌលប្រឡងចំនួន១១ ស្មើនឹង ២២៥បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល ស្មើ៦០បន្ទប់)៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments