Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គ្រួសារពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៧គ្រួសារ ក្នុងស្រុកបន្ទាយមាសបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

កាលពីរសៀលថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៧គ្រួសារ មកពីឃុំចំនួន៤នៃស្រុកបន្ទាយមាស (ពិធីនេះរៀបចំធ្វើឡើងចំនួន ២ទីតាំងផ្សេងពីគ្នា ដែលទីតាំងទី១ ផ្លូវចូលវត្តសំរោង និងទីតាំងទី២ នៅក្នុងបរិវេណសាលាឃុំវត្តអង្គខាងជើង  ស្រុកបន្ទាយមាសខេត្តកំពត)។

មានប្រសាសន៍សំណេះសំណាល  លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្ត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ដែលបានមកទទួលអំណោយទាំងអស់នាឱកាសនោះ ដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីយ៉ាងណាជានិច្ចកាលសកម្មភាពមនុស្សធម៌នេះសម្តេចកិតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនដែលបានព្រងើយកន្តើយ ដោយតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក គ្រប់កាលៈទេសៈដោយមិនមានការរើសអើង រួមទាំង អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ហើយមិនប្រកាន់ និន្នាការនយោបាយឬ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ អ្វីឡើយ ពោលគឺ"ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ។

ក្នុងឱកាសនោះលោកជំទាវ ក៏បាន ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ប្រកាន់យកនូវឥរិយាបថឱ្យបានខ្ជាប់ខ្ជួនរក្សា អនាម័យឲ្យបានល្អជាប្រចាំគឺការ រស់នៅស្អាត ហូបស្អាត ផឹកស្អាត  និងក៏ត្រូវបន្ត ខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង វិញថែមទៀត និងក៏សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងក្រែងមានបាតុភូតផ្គររន្ទះដោយយថាហេតុ ហើយចំពោះការរស់នៅ ផ្ទះសម្បែងភូមិឋានត្រូវមានអនាម័យបរិស្ថានល្អ ត្រូវលុបបំបាត់ថ្លុកជ្រាំដែលជាជម្រកមូសខ្លាបង្ករឱ្យកើតជំងឺគ្រុនឈាមផងដែរ។ អំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២៧គ្រួសារនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, មី១កេស និងថវិកា ៥ម៉ឺនរៀលផងដែរ ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments