Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតមានមណ្ឌលលម្ហែកម្សាន្តសម្រាប់ទទួលភ្ញៀវទេសចរប្រមាណជិត ៤០កន្លែង


ខណ:ដែលពិធីបុណ្យធំៗនឹងធ្វើឡើងជាបន្តបន្ទាប់នាពេលខាងមុខ មន្ត្រីក្នុងដែនជំនាញបានបញ្ជ្រាបជាដំណឹងថាបច្ចុប្បន្ននៅទូទាំងខេត្តកំពតមានមណ្ឌលលម្ហែកម្សាន្តជិត ៤០កន្លែងសម្រាប់ទទួលភ្ញៀវដែលអញ្ជើញមកពីគ្រប់ទិសទី។ ជាមួយកិច្ចអភិវឌ្ឍឆ្ពោះទៅកាន់កម្រិតស្តង់ដារ គ្រប់ម្ចាស់មណ្ឌលកម្សាន្ត ក៏ដូចជាកន្លែងស្នាក់នៅទាំងអស់បានបង្កើនសោភ័ណភាព គុណភាណសេវាកម្មនៅទីឋានរបស់ខ្លួនឱ្យពោរពេញដោយក្តីសុខដុម និងសុវត្ថិភាពដើម្បីក្តីមនោរម្យ កក់ក្តៅសម្រាប់ភ្ញៀវ។

បញ្ជាក់ក្នុងដំណើរមេឌៀហ្វាមទ្រីព (Media Farm Trip) របស់ក្រុមអ្នកសារព័ត៌មានជាតិ ដែលចុះស្វែងយល់អំពីសក្តានុពលក្នុងទឹកដីនៃខេត្តកំពត លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍បានមានប្រសាសន៍ថា បន្ថែមលើសមិទ្ធផលចាស់មកដល់បច្ចុប្បន្ន ខេត្តកំពតមានការកើនឡើងនូវតំបន់លម្ហែសម្រាប់ទទួលភ្ញៀវជិតឆ្ងាយហូតដល់ ៣៦កន្លែង។ មណ្ឌលកម្សាន្តទាំងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង។ លោកប្រធានមន្ទីរបានបញ្ជាក់ថា សេវាស្នាក់នៅមានសន្ទុះកើនឡើងខ្លាំងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខណ:ដែលសំណង់ថ្មីៗក៏កំពុងដំណើរការបន្តបន្ទាប់។ សព្វថ្ងៃ នៅទូទាំងខេត្តមានកន្លែងទទួលភ្ញៀវប្រមាណជាង ៥.០០០បន្ទប់ ពិសេសប្រភេទបឹងហ្កាឡូ និងរីស៊តជាង១.០០០ ដែលអាចនិយាយបានថាខេត្តកំពតជាគោលដៅទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានបែបបឹងហ្កាឡូ រីស៊តតាមមាត់សមុទ្រ ជ្រោះជ្រលងដងអូរ មាត់ព្រែក ព្រៃព្រឹក្សាជាមួយលក្ខណ:ធម្មជាតិអំណោយផល និងប្រកបដោយភាពទាក់ទាញ។

លោកប្រធានមន្ទីរបានបន្តថា ជាការយកចិត្តទុកដាក់ រៀងរាល់មុនពិធីបុណ្យទានសំខាន់ៗមន្ទីរតែងបញ្ជូនមន្ត្រីចុះក្រើនរំលឹកបន្ថែមដល់ប្រតិបត្តិករឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ លើគោលការណ៍ចាំបាច់មួយចំនួនដូចជា ការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន គុណភាព តម្លៃសេវាកម្ម សុវត្ថិភាពភ្ញៀវជាដើម។ នៅបណ្តារមណីយដ្ឋានដែលមានកន្លែងសម្រាប់ភ្ញៀវជិះទូក ម៉ូតូទឹក និងសកម្មភាពហែលទឹកកម្សាន្តចាំបាច់ត្រូវតែបង្កើនកិច្ចការពារដោយបញ្ចៀសឱ្យបានដាច់ខាតនូវករណីគ្រោះថ្នាក់ជាយថាហេតុ។

លោក ប៉ូង វណ្ណា ម្ចាស់រមណីយដ្ឋានធម្មជាតិម្លេច លោក ហុង កុសល អ្នកគ្រប់គ្រងម៉ូលីរីស៊ត និងលោក សុត គឹមស៊ាក់ អ្នកគ្រប់គ្រងរមណីយដ្ឋានដូងទេរ ដែលទីតាំងទាំងនោះនៅជាប់បឹង និងដងព្រែកបានរៀបរាប់ថា ក្រៅពីមានការយកចិត្តទុកដាក់លើផ្នែកសោភ័ណភាព អនាម័យបរិស្ថាន គុណភាព និងតម្លៃសេវាកម្ម កន្លែងរបស់ពួកលោកបានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពភ្ញៀវដែលជិះទូក ម៉ូតូទឹក ក៏ដូចជាការហែលទឹកលេងកម្សាន្ត។ ទាំងនេះជាការអនុវត្តតាមសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ខេត្តដែលតែងចុះផ្សព្វផ្សាយជាញឹកញ៉ាប់។

ជាមួយគុណភាព និងផលិតផលទេសចរណ៍ដ៏សម្បូរបែបដែលមាននៅក្នុងខេត្តកំពត លោក សយ ស៊ីណុល បានសំណូមពរចំពោះបណ្តាញសារព័ត៌មានមានធំៗ សូមបន្តជួយផ្សព្វផ្សាយសក្តានុពលទាំងនេះឱ្យបានជ្រួតជ្រាបដល់ភ្ញៀវទេសចរគ្រប់ទិសទី ដើម្បីមានចំណាប់អារម្មណ៍ក្នុងការមកសម្រាកកម្សាន្ត ពិសេសនាឱកាសបុណ្យអុំទូក ក៏ដូចជាពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ៕

រូបភាព និងអត្ថបទ៖ ការិយាល័យ AKP





































Post a Comment

0 Comments