ព្រឹកទី២៩ ខែ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរជួបសំណេះសំណាល់ជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅខេត្តកំពត ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ និងជួបសំណេះសំណាលសិស្សថ្នាក់ទី១២ក្នុងស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោ នៅវិទ្យាល័យព្រះនរោត្តមរណឬទ្ធិ បន្ទាប់ពិឯកឧត្តមបានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារសិក្សា និងសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកបន្ទាយមាស កាលពីថ្ងៃទី២៨ ខែតុលា។ ក្នុងពិធីនោះអមដំណើរដោយ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណជាង ២,០០០នាក់។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតក៏បានបានផ្តាំផ្ញើរដល់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់សូមកុំចំណាយពេលវេលាឥតប្រយោជន៍ ត្រូវប្រមូលកម្លាំងកាយ បញ្ញា ស្មារតី ខិតខំរៀនសូត្រឱ្យបានចេះចាំលើគ្រប់មុខវិជ្ជា ចូលរួមឱ្យបានជាប់លាប់ក្នុងវគ្គបំប៉នដែលសាលាបានរៀបចំ ខិតខំសិក្សាស្រាវជ្រាវបន្ថែមជាមួយមិត្តភក្តិដើម្បីត្រៀមខ្លួន និងបង្កើនភាពជឿជាក់លើខ្លួនឯងក្នុងការទទួលបានជោគជ័យក្នុងការប្រឡង សម្រាប់ជាស្ពានបន្តការសិក្សា រឺស្វែងរកអាជីពជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិយើង។ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក្រើនរំលឹកដល់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ដែលត្រូវប្រឡងយកសញ្ញាបត្រទុតិយភូមិនៅពេលខាងមុខឱ្យយល់ដឹងអំពីតម្លៃនៃការសិក្សារៀនសូត្រ ដោយផ្តោតសំខាន់ទៅលើគោលបំណងបីសំខាន់ៗនោះគឺ ទី១.ចង់មានចំណេះដឹង(ច្បាប់ទម្លាប់សង្គមផ្សេងៗ) ២.ដើម្បីបណ្តុះបញ្ញា និងប្រាជ្ញា និងទី៣. ចង់បានបុណ្យស័ក្តិមុខមាត់ក្នុងសង្គម ។
បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក្នុងរយៈពេលជាង២០ឆ្នាំនេះ ឯកឧត្តមបានផ្តល់អាហារូបករណ៍ ជូនដល់សិស្សនិស្សិតក្នុងខេត្តកំពតបានចំនួន ៣.៦២៣នាក់ ក្នុងនោះ ៧០០នាក់កំពុងបន្តការសិក្សា ហើយអ្នកផ្សេងទៀតបានចេញចម្រើការងារអស់ហើយ៕
0 Comments