Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សំណើរ និងសំណូមពរជាង ១០០ករណីរបស់ពលរដ្ឋត្រូវបានដោះស្រាយភ្លាមៗក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពតនៅមូលដ្ឋានក្រុង-ស្រុកទាំង៩

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីជំនាញ អាជ្ញាធរ ថ្នាក់ដឹកនាំ ដើម្បីជាឱកាសជួបជុំគ្នាស្តាប់ និងលើកឡើងពីបញ្ហាប្រឈម សំណើរ សំណូមពរ និងតម្រូវការដែលកើតមាននៅក្នុងមូលដ្ឋានសម្រាប់រួមគ្នាដោះស្រាយ។ ដោយឡែកក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត  អាជ្ញាធរក្រុង-ស្រុក មន្ត្រីមន្ទីរជំនាញ និងប្រជាពលរដ្ឋ បានរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅក្រុង-ស្រុកទាំង៩ ទូទាំងខេត្តកំពត។

ឯកឧត្តម ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតែមានសារៈសំខាន់ ដែលជាឱកាសសម្រាប់ជួបជុំរវាងថ្នាក់ដឹកនាំ និងអាជ្ញាធរ មន្ត្រីជំនាញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ តម្រូវការផ្សេងៗ និងដើម្បីរួមគ្នាធ្វើការដោះស្រាយ និងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឱ្យបានកាន់តែ រីកចម្រើនល្អប្រសើរឡើង ស្របតាមគោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល តាមលទ្ធិប្រជាធិបតេយ្យក្នុងការផ្ដល់សិទ្ធិអំណាចនៃការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅក្នុងមូលដ្ឋាន។

ដោយឡែកតាមរយៈអង្គវេទិកានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដែរថា តាមការកត់សម្គាល់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិក្នុងខេត្តកំពត គឺមានលក្ខណៈ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ប្រព្រឹត្តទៅមានភាពរលូន ប្រជាពលរដ្ឋមានការយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន និងមានការចូលរួមប្រកបដោយភាពរីករាយនឹងយ៉ាងផុលផុស ហើយឆ្នាំនេះជាលទ្ធផលមានលក្ខណៈល្អជាងបណ្ដាឆ្នាំមុនមុនកន្លងទៅ ព្រោះបានកាត់បន្ថយរាល់បញ្ហាប្រឈមនានាជាច្រើន ដូចការឈ្លោះប្រកែកគ្នា ការរំលោភបំពានដីធ្លីគ្នាជាដើម ហើយយើងនៅតែមានសំណើរ សំណូមពរ និងតម្រូវការសុំផ្លូវថ្នល់ ដែលតម្រូវការទាំងនេះស្របទៅនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលមានមហិច្ឆតាមិនឈប់ឈរដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។

យោងតាមរបាយការណ៍លទ្ធផលនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ គឺទទួលបានសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ចំនួន ១៦៧ករណី ហើយបានធ្វើការដោះស្រាយភ្លាមៗនៅនឹងកន្លែងបានចំនួន ១០៤ករណី មិនទាន់ដោះស្រាយចំនួន ៦៣ករណី៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments