Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ មនុស្សគ្រប់រូបទោះឋានៈណាក៏ដោយក៏មានចំណេះដឹងកើតចេញពីគ្រូបង្រៀនដែរ គ្រូជាពុម្ភផលិតធនធានមនុស្សដ៏សំខាន់

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនក្របខ័ណ្ឌថ្មី ដែលត្រូវចេញបំរើការងារសម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា កម្ពុជាក្រោយពីទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យអប់រំដែលវិស័យនេះត្រូវបានរាជរដ្ឋាភិបាលគិតគូមុនគេនឹងជាវិស័យអាទិភាពមួយ ក្រោយមានការបំផ្លេចបំផ្លាញក្នុងរបបបីឆ្នាំ ប្រាំបីខែ និង ម្ភៃថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យទៅលើធនធានមនុស្សដែលមានចំណេះវិជ្ជានឹងការយល់ដឹងខ្ពង់ខ្ពស់ច្រើន ដូច្នេះហើយគ្រូបង្រៀនគឺមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលនូវចំណេះវិជ្ជា ចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងប្រទេស។ ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់ដែរថា គ្រូគឺជាអ្នកសាងសង់ស្ថាបនានូវគ្រឹះសង្គមរបស់ជនជាតិមួយ គ្រូគឺជាអ្នកបណ្តុះនូវពូជពង្សវង្សត្រកូលប្រកបដោយសមត្ថភាព និងមនសិកា ដូច្នេះគ្រូបង្រៀនគឺជាពុម្ភមួយដែលមានតួនាទីផលិតនូវធនធានមនុស្សសម្រាប់បន្តវេណ។ ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា នៅក្នុងលោកនេះ អ្នកណាក៏ដោយ មិនថាអ្នកនោះមានឋានៈណានោះទេឱ្យតែមានជីវិតរស់នៅគឺត្រូវការគ្រូទាំងអស់ ព្រោះការចេះ ការដឹង ការយល់គឺប្រសូត្រចេញពីគ្រូទាំងអស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់ទុកធនធានមនុស្សជាកត្តាសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ បើគ្មានធនធានមនុស្សដំណើរការអ្វីក៏មិនអាចធ្វើបានដែរ។ ដូច្នេះហើយសូមប្អូនៗដែលត្រូវចេញទៅបំពេញការងារជាគ្រូបង្រៀននាពេលនេះ ត្រូវធ្វើយ៉ាងណាខិតខំបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព និងមានសក្តានុពល។

យោងតាមរបាយការណ៍របស់លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានឱ្យដឹងថា គ្រូបង្រៀនក្របខ័ណ្ឌថ្មីដែលត្រូវចេញទៅបំរើការងារក្នុងឆ្នាំ២០២៣នេះមានចំនួន ៦៨នាក់ ក្នុងនោះស្រីចំនួន ៥៣នាក់ ដែលមានគ្រូកម្រិតឧត្តម បរិញ្ញាបត្រ+២ ចំនួន ៤នាក់ ស្រី ៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+៤ ចំនួន ៤នាក់ស្រី, គ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+២ មានចំនួន ១១នាក់ ស្រី ៦នាក់, គ្រូបឋមសិក្សា ១២+៤ មានចំនួន ១នាក់ប្រុស, គ្រូបឋមសិក្សា ១២+២ ចំនួន ៤០នាក់ ស្រី ៣២នាក់, គ្រូមត្តេយ្យសិក្សា ១២+២ មានចំនួន ៨នាក់ស្រី៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments