Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយចិន ជួយផ្សព្វផ្សាយនូវព័ត៌មានពិតអំពីកម្ពុជាទៅដល់ប្រជាជនចិន ដើម្បីឱ្យកាន់តែស្គាល់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយចិន ជួយផ្សព្វផ្សាយនូវព័ត៌មានពិតអំពីកម្ពុជាទៅដល់ប្រជាជនចិន និងអ្នកដែលចេះនិយាយភាសាចិន ដើម្បីឱ្យបានកាន់តែស្គាល់ប្រទេសកម្ពុជា។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Liao Li អនុប្រធាន ក្រុមការងារបណ្តាញផ្សព្វផ្សាយចិន CMG ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីតាំងប្រចាំនៅទីក្រុងហុងកុង ប្រទេសចិន នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងកិច្ចពិភាក្សារវាងភាគីទាំងពីរបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ដែលមានប្រព័ន្ធផ្សាយធំៗ ដូចជា CCTV, CGTN, CMG រួមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត ដើម្បីពង្រឹងការសហការលើការផ្លាស់ប្តូរនូវការផ្សព្វផ្សាយព័ត៌មានជាមួយនឹងក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថាតាមរយៈការផ្សព្វផ្សាយនេះដែរ ឯកឧត្ដមក៏សូមអញ្ជើញប្រជាជនចិនមកធ្វើទស្សនកិច្ចទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោក ធនធានធម្មជាតិផ្សេងៗជាច្រើន ជាពិសេសគឺការផ្សព្វផ្សាយអំពីប្រពៃណីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន នៃប្រទេស យើងទាំងពីរ កម្ពុជា-ចិន ដើម្បីបានស្គាល់គ្នាកាន់តែច្បាស់ និងជិតស្និត ហើយងាយស្រួលក្នុងការធ្វើ សមាហរណកម្មនិងការរស់នៅជាមួយគ្នាប្រកបដោយភាពសប្បាយរីករាយ ។


តាមការបញ្ជាក់របស់ លោកស្រី Liao Li បានឱ្យដឹងថា ក្រុមការងារបណ្តាញផ្សព្វផ្សាយចិន CMG ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីតាំងប្រចាំនៅទីក្រុងហុងកុង ប្រទេសចិន បានធ្វើទស្សនកិច្ចនៅស្ថានីយទូរទស្សនជាតិកម្ពុជា (ទទក) និងជួបសម្ដែងការគួរសមជាមួយ អគ្គនាយកទូរទស្សនជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ លោកស្រីបានបញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ ចង់ធ្វើកិច្ចសហប្រតិបត្តការ ផ្តល់នូវរឿង ភាគ គំនូជីវចល ភាពយន្តឯកសារ ភាពយន្តភាគបុរាណសម័យ ដល់ទូរទស្សនជាតិកម្ពុជា ជួយរៀបចំព័ត៌មានក្នុងស្រុកផ្សាយជាភាសាចិន និងជួយបណ្តុះបណ្តាលមន្រ្តី ទទក អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធីនិងកិច្ចសហការអភិវឌ្ឍប្រពន្ធ័ផ្សព្វផ្សាយពី អាណាឡូក ទៅឌីជីថល។

លោកស្រីបានបន្ដទៀតថា ជាមួយនេះ កិច្ចសហប្រតិបត្តិការនេះដែរក៏នឹងផ្តល់ប្រភពព័ត៌មានអន្តរជាតិ ជាភាសារអង់គ្លេសតាមរយ: (China Global Television Network) CGTN អាចបកប្រែជាភាសាខ្មែរ ដើម្បីផ្សាយបាន៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





Post a Comment

0 Comments