Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ក្រសួងព័ត៌មានត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មី ក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន


AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មានត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីកុំឱ្យបង្ករភាពរញ៉េរញ៉ៃ គឺសំដៅលើការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុតផ្សេងៗ ការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅបង្កើនប្រសិទ្ធភាពការងារលើការ ដឹកនាំ និងសម្របសម្រួលមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មានដែលគ្មានសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺជាអ្នកបំផ្លាញដល់ដំណើរការងាររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការរៀបចំឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលតាមបណ្តាមន្ទីរព័ត៌មាន ខេត្ត រាជធានី គឺដើម្បីជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងមន្ទីរ និងក្រសួង ឱ្យនៅខិតជិតគ្នា ធ្វើកិច្ចការរួមគ្នានូវរាល់គោលនយោបាយ និងផែនការសកម្មភាពផ្សេងៗត្រូវអនុវត្តន៍។



ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កន្លងមកនេះ មន្ទីរព័ត៌មាន ហាក់បីដូចជាធ្វើការងារដាច់ឆ្ងាយតែឯង តែចាប់ពីពេលនេះទៅមន្ទីរព័ត៌មាន គឺមានភាពកក់ក្តៅ មានថ្នាក់ដឹកនាំពីក្រសួងព័ត៌មានទៅជួយកិច្ចការងារ ព្រោះមន្ទីរព័តមាន មានតូនាទីសំខាន់ក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ ដោយសារខេត្តនីមួយៗជាកោសិកានៃប្រទេស បើកោសិកានេះមិនល្អ នឹងធ្វើឱ្យទម្រង់នៃការគ្រប់គ្រងព័ត៌មានជារួម មានភាពខ្វះចន្លោះ។ ដូច្នេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទទួលបន្ទុកវិស័យព័ត៌មាននៅក្នុងខេត្ត និងទទួលបន្ទុក មន្ទីរព័ត៌មានខេត្ត តែម្តង ហើយក៏ជាសេនាធិការរបស់រដ្ឋមន្រ្តី លើវិស័យព័ត៌មាន តាមខេត្ត។


ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា សម្រាប់ឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុក នឹងក្លាយទៅជាគ្រូបង្គោល មើលខុសត្រូវលើការងារព័ត៌មាន ជួយសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មានខេត្ត ដើម្បីធ្វើឱ្យការគ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្ត បានដំណើរការទៅដោយរហូត ហើយអ្វីដែលសំខាន់គឺមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីខេត្ត។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលទទួលបន្ទុកមន្ទីរព័ត៌មាន គឺមិនមែនជាអ្នកប្រតិបត្តិការឱ្យមន្ទីរនោះទេ គ្រាន់តែជាជន្ទល់ក្នុងការពង្រឹងតូនាទីរបស់មន្ទីរព័ត៌មាន៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា








Post a Comment

0 Comments