នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Piyawat Jriyasetapong នាយកប្រតិបត្តិពាណិជ្ជកម្ម ក្រុមហ៊ុន THAICOM ប្រទេសថៃ ដោយក្នុងឱកាសនេះ លោកនាយក បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំង ជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៧ ។
ជាមួយនេះក៏បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលតែងតែបានផ្តល់ការគាំទ្រទៅលើក្រុមហ៊ុន THAICOM ក្នុងការធ្វើកិច្ចការងារហើយលោកនាយក បានបញ្ជាក់អំពីការបន្តការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់ THAICOM ចំពោះក្រសួងព័ត៌មាន ក៏ដូចជាការជួយទៅលើការងារផ្សព្វផ្សាយតាមប្រពន្ធ័ផ្កាយរណបផ្សេងៗ ទៅកាន់បណ្ដាប្រទេសពាក់ព័ន្ធរបស់ស្ថានីយទូរទស្សន៍របស់ជាតិ និងស្ថានីយ៍ទូរទស្សន៍ របស់ឯកជនមួយចំនួនដែរ ហើយ លោក Piyawat បានគាំទ្រទៅលើអ្វីដែលក្រសួងព័ត៌មាន បានធ្វើ ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការងារអទិភាពរបស់ក្រសួងព័ត៌មានកម្ពុជា ជាពិសេសគឺទីមួយការពង្រឹងសមត្ថភាពមន្ត្រី ពាក់ព័ន្ធជាមួយនឹងជំនាញ ឌីជីថល ទីពីរគឺការត្រៀមខ្លួននៅក្នុងការផ្លាស់ប្តូរការផ្សព្វផ្សាយពីប្រព័ន្ធអាណាឡូក ទៅឌីជីថល ។
ដូច្នេះយើងចាំបាច់ត្រូវការនូវជំនាញមន្ត្រីជំនាញខាងផ្នែក ឌីជីថល ដើម្បីធ្វើកិច្ចការងាប្រកបដោយ ប្រសិទ្ធិភាព ព្រោះកម្ពុជា នឹងអនុវត្តទៅតាមគោលការណ៍កំណត់នៅក្នុងអាស៊ានលើការផ្សព្វផ្សាយ ឌីជីថល ហើយយើងចាំបាច់ត្រូវពង្រឹងនិងពង្រីកខ្លួនបន្ថែមទៀត ។ THAICOM បានផ្តល់នូវការគាំទ្រក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញទៅលើផ្នែក ឌីជីថល ៕
អត្ថបទ និងរូបភាពៈ ទទក
0 Comments