Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជួបសំណេះសំណាល និងឈ្វេងយល់អំពីគន្លឹះនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត

កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតិឱ្យក្រុមនិស្សិតនៃសកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣០នាក់ ចូលជួបសំដែងការគួរសម ព្រមទាំងសំណេះសំណាល ឈ្វេងយល់អំពីការដឹកនាំ ការអភិវឌ្ឍន៍ ការផ្តល់សេវាសាធារណៈជូនពលរដ្ឋក្នុងខេត្ត ហើយពិសេសនោះគឺគន្លឹះក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ថ្លែងទៅកាន់ក្រុមនិស្សិតនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦កន្លងមក ក៏ដូចជាអាណត្តិទី៧ថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដើម្បីអនុវត្តន៍ ខេត្តកំពតទាំងមូលបានពង្រឹង និងពង្រីកការអនុវត្តន៍ការងារ ពិសេសបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋបំផុត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្នការផ្តល់សេវាសាធារណៈតាមរយៈការិយាល័យច្រកចេញចូលតែមួយ ខេត្តកំពតមានការិយាល័យច្រកនៅតាមបណ្តាឃុំ-សង្កាត់ទី៩៣ ទាំង៩ក្រុង-ស្រុក ព្រមទាំងការិយា័យច្រកចេញចូលតែមួយក្នុងសាលាខេត្តមួយកន្លែងទៀត។

ចំពោះយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា យន្តការនេះគឺរាជរដ្ឋាភិបាលបានដាក់ចុះ និងចង្អុលបង្ហាញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសអាជ្ញាធរទាំង ២៥រាជធានី-ខេត្ត យកទៅអនុវត្តន៍ដើម្បីជួយសម្របសម្រួលរាល់វិវាទរបស់ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សម្រាប់ខេត្តកំពតក្នុងរយៈពេលជិត២ឆ្នាំមកនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រេចបានចំនួន ២,២២៦សំណុំរឿង ហើយរាល់ការសម្របសម្រួលទាំងអស់គឺគ្រប់ភាគីទាំងអស់ទទួលយកដោយក្តីសប្បាយរីករាយ។

ពាក់ព័ន្ធនឹងគន្លឹះ ក៏ដូចជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងខេត្តកំពត ឯកឧត្តមអភិបាលខេត្តបានបង្ហាញឱ្យដឹងថា រាល់ការដោះស្រាយវិវាទទាំងអស់របស់ឯកឧត្តម គឺឈរលើយន្តការចំនួនពីរ គឺយន្តការច្បាប់ និងយន្តការគ្រួសារ។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តមបានបញ្ចូលខ្លួនជាសមាជិកគ្រួសារមួយរូបទៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ហើយរាល់ការដោះស្រាយវិវាទគឺឯកឧត្តមឈរលើគោលការណ៍អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ អ្នកយករបស់គេឱ្យគេវិញ ពិសេសរាល់ការសម្រេចក្តីម្តងៗគឺឯកឧត្តមតែងតែយកចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ ឬអាជ្ញាធរដែនដីដែលជាចាស់ទុំក្នុងមូលដ្ឋានយកមកបកស្រាយបំភ្លឺ ដើម្បីឱ្យបានដឹងអំពីសាវតានៃសំណុំរឿងនីមួយៗ ហើយការសម្រេចនោះក៏មានការចូលរួមសម្រេចពីប្រជាពលរដ្ឋទាំងអស់ដែលចូលរួមក្នុងវេទិការដោះស្រាយនេះផងដែរ។

តំណាងនិស្សិតនៃសកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានលើកឡើងថា ការសម្រេចចុះមកធ្វើកម្មសិក្សាក៏ដូចជាសំណេះសំណាលនាឱកាសនេះ គឺដោយសារតែក្រុមនិស្សិតទាំងអស់បានសង្កេតឃើញពីការដឹកនាំដ៏ល្អរបស់ឯកឧត្តមអភិបាលខេត្ត ដែលបានធ្វើឱ្យខេត្តមួយនេះមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការសម្របសម្រួលនឹងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្ត។ ក្រុមនិស្សិតក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានចំណាយពេលវេលាក្នុងការផ្តល់នូវគតិ ព្រមទាំងគន្លឹះសំខាន់ៗក្នុងការអនុវត្តការងារ ក៏ដូចជាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយនេះគឺជាមេរៀនមួយយ៉ាងល្អសម្រាប់ក្រុមនិស្សិតទាំងអស់យកទៅអនុវត្តន៍ក្រោយពេលបញ្ចប់ការសិក្សា៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments