Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ នៃការចែករំលែកព័ត៌មានក្នុងការបង្កើនការ​យល់​ដឹងរបស់សាធារណជនចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង


AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

ប្រព័ន្ធផ្សព្វផ្សាយបានដើរតួ​នាទី​យ៉ាង​សំខាន់ក្នុងការបង្កើន និងជាការយល់ដឹងរបស់សាធារណជន​ចំពោះ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយក៏ជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការចែក​រំលែកនូវព័ត៌មានទាក់ទងនឹង​សេដ្ឋ​កិច្ច នយោបាយ សង្គម និងវប្បធម៌ នៃប្រទេសជាសមាជិក។ នេះ​ជា​​​ការ​លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ ក្នុងពិធីបើកដំណើរទស្សនកិច្ចវគ្គ​បញ្ចប់​របស់អ្នកសារព័ត៌មាន នៃ​បណ្តា​ប្រទសតាមដងទន្លេមេគង្គ-ឡានឆាង ក្រោមប្រធានបទ "ទន្លេរួម អនាគតរួម" នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានការចូល​រួមពី​ឯកឧត្តម Wu Chuanbing អគ្គកុងស៊ុលចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ​ប្រចាំ​កម្ពុជា និងអ្នកសារព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា តម្លៃ និងសារៈសំខាន់នៃប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងសារព័ត៌មានត្រូវបានមើលឃើញរឹតតែច្បាស់នៅពេលប្រទេសជាតិជួបប្រទះ​នូវបញ្ហា​អសន្តិ​សុខ សង្គ្រាម ឬវិបត្តិសុខភាពសាធារណៈដូចជាជំងឺកូវីដ-១៩ ជាដើម។ ឯកឧត្តមបានថ្លែងថា កម្មវិធី​ដំណើរទស្សនកិច្ចរបស់​អ្នកសារព័ត៌មាន នៃបណ្តាប្រទសតាមដងទន្លេមេគង្គ-ឡានឆាងក្រោម​ប្រធាន​បទ "ទន្លេរួម អនាគតរួម" គឺបង្ហាញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្នុងក្របខណ្ឌភូមិសាស្ត្រ យុទ្ធសាស្ត្រថ្មីមួយទៀត​​ដែល​មា​ន​លក្ខណៈ​​ពិសេសប្លែកដែលជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ​ដែល​មាន​ប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់ ។ ឯកឧត្ដមលើកឡើងថា ទន្លេមានប្រភពនៅ​តំបន់​ទីបេ ដែលចិនហៅថា ទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមានមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ក្នុងចម្ងាយ ៤៨៨០គីឡូម៉ែត្រ ហើយប្រទេសទាំង៦ ដែលបានតភ្ជាប់ភូមិ​សាស្ត្រ​​ដោយ​ភ្នំ និងទន្លមានវប្បធម៌ទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា មិត្តភាពរឹងមាំ និងជាអ្នក ជិតខាងល្អ។

ឯកឧត្ដមរដ្ឋមន្រ្ដីថ្លែងបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការក្នុងតំបន់នេះ រួមចំណែកក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយ​គាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កិច្ចសហប្រ​តិ​បត្តិ​ការ​ដ៏មាន​សក្តា​នុពលនេះ ផ្តោតលើសសរស្ដម្ភចំនួនបីគឺ ១.បញ្ហានយោបាយ និងសន្តិសុខ ២.ការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងនិរន្តរភាព និង ៣.សង្គមវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជនទៅប្រជាជន។ ឯកឧត្ដមបាន​បន្ដ​ទៀតថា ការជួបជុំអ្នកសារព័ត៌​មាន​ជាតិ និងអ្នកសារព័ត៌មានតាមបណ្តាប្រទេសជាសមាជិកអនុតំបន់​ទន្លេមេគង្គនាថ្ងៃនេះ គឺជាការចាប់ផ្ដើមមួយដ៏ល្អប្រសើរ ដើម្បីចែករំលែកបទពិសោធន៍ ពង្រឹងចំណេះ​ដឹង និងវិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន នៃបណ្តាប្រទេសសមាជិក ហើយជាវេទិកាសម្រាប់អ្នក​សារព័ត៌​មានរៀនសូត្រពីគ្នា បង្កើតបណ្ដាញ (networking) និងពង្រឹងនូវតួនាទីអ្នកសារព័ត៌មានក្នុង​ការ​​ចូលរួមចំណែកពង្រឹងនូវកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិភាព វិបុលសុខ និងការអភិវឌ្ឍ​សេដ្ឋ កិច្ចប្រកបដោយនិរន្តភាព និងបរិយាបន្ន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ផងដែរថា អ្នកសារព័ត៌មាន​អាច​ចូលរួមចំណែកក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ត្រូវមានសមត្ថភាពក្នុងរាយការណ៍ និងផ្សព្វ​ផ្សាយ​ព័ត៌មានពិត ត្រឹមត្រូវ និងត្រូវធ្វើកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន​ឈានឆ្ពោះ​ទៅ​រកការបង្កើតនូវក្លឹបអ្នកសារព័ត៌មានមេគង្គ-ឡានឆាង។ ទន្ទឹមនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោម​ប្រទេសសមាជិក មានលក្ខណៈជាទ្វេរភាគី និងនៅមានកម្រិត យើងមិនទាន់មានថ្នាល ( Platform) ដែល​អ្នកសារព័ត៌មានទាំង ៦ប្រទេស ធ្វើការជាមួយគ្នា ចែករំលែកនូវព័ត៌មាន និងបទពិសោធន៍​ការ​ងារ​នោះទេ ប៉ុន្ដែការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មានអាចពង្រឹងគុណភាព និ​ងភាពសំបូរបែប ប្រសិទ្ធភាពការងារ និងចំណេញពេលវេលា។

ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានរម្លឹកអ្នកសារព័ត៌មាន និងអង្គភាព​សារព័ត៌​មានត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងត្រូវផលិតមាតិកាព័ត៌មានដែល​គួរ​ឱ្យទាក់ទាញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ ឯកឧត្ដម​​រដ្ឋមន្រ្ដីអះអាងថា៖ «ស្ថាប័នព័ត៌មាន ចូលរួមក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយ និងព័ត៌​មាន​មិនពិត។ យើងត្រូវការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលរឹងមាំ និងអាចទុកចិត្តបាន ផ្សព្វផ្សាយ​អំពី​ព្រឹត្តិ​​ការណ៍បច្ចុប្បន្ន និងនិន្នាការ នៃថ្ងៃអនាគត»៕

ដោយ៖ ងូ សុមុនី, រូបថត៖ ហ៊ុន យុទ្ធគុណ



Post a Comment

0 Comments