Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រសម្រេចការសាងសង់បានរង្វង់២៥%ហើយ រួមទាំងព្រះពុទ្ធប្បដិមាតូច ៨ម៉ឺន ៤ពាន់អង្គទៀតកំពុងកសាងនៅលើភ្នំបូកគោ

ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុបបានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ ត្រូវបានពង្រីកដោយគ្រោងកសាងព្រះពុទ្ធប្បដិមាអង្គតូចៗចំនួន ៨ម៉ឺន ៤ពាន់អង្គបន្ថែមទៀត សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ។ គម្រោងទាំងមូលប្រើពេលសាងសង់៣ទៅ៤ឆ្នាំ ចំណាយថវិការប្រមាណ៦០-៧០លានដុល្លា។

នៅថ្ងៃទី២៣ ដល់២៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរប្រមានជាង ៦ពាន់អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីដង្ហែពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលសាងសង់នៅលើខ្នងភ្នំបូកគោ។

នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនាពេលនោះ  លោក អ៊ុន ចាន់ណារើន ស្ថានបត្យករបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសុខាគ្រុប បានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកគម្រោងកសាងព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រឱ្យកាន់តែមានភាពទាក់ទាញ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយតាមប្រវត្តិ និងខ្លឹមសាររបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ  ហើយទទួលបានការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិក ក្រុមហ៊ុនសុខាគ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤.០០០អង្គ  ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង៨៤.០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ១០៨ម៉ែត្រ។ ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់ ០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និងទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់ ៩ជាន់ ដែលពុទ្ធប្បដិមាអង្គតូចៗនេះធ្វើឡើងពីថ្មដែលស្ថតិនៅលើភ្នំបូកគោ។ តាមការសិក្សាគម្រោងទាំងមូលនឹងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល ៣ទៅ៤ឆ្នាំ ដោយគ្រោងចំណាយថវិកាប្រមាណ៦០ ទៅ៧០លានដុល្លា។

លោកបានបញ្ជាក់បន្ថែមថា គម្រោងនេះផុសចេញពី គំនិតរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដែលលោកមានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ដែលជាព្រះពុទ្ធប្បដិមាដ៏ធំ ហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិតជំនាន់ សម្រាប់ជាទីសក្ការ:ដ៏ឧត្តង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថាព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត ដែលបច្ចុប្បន្នសម្រេចការសាងសង់រង្វង់២៥%ហើយ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត






























Post a Comment

0 Comments