Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញត្រូវជំរុញទីផ្សារផលិតផលខ្មែរតាមរយៈការលើកកម្ពស់ចលនាភូមិ១ផលិតផល១

ថ្លែងក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងសុ្រក និងសហគ្រាសធុនតូច និងមធ្យម ស្ថានប័នមីក្រូហិរញ្ញវត្ថុ(ភូមិ១ផលិតផល១) ខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ភូមិ១ផលិតផល១ ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលផ្តុំជំរុញកសិករ ឬអ្នកផលិតឱ្យខិតខំផលិតឱ្យបានច្រើនប្រកបដោយគុណភាព មានអនាម័យ ចេះវេចខ្ចប់ និងស្វែងរកទីផ្សារ ដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក ដើម្បីឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។

ជាក់ស្តែងនៅថ្ងៃនេះ ការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញគឺដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ និងដើម្បីស្វែងយល់អំពីតម្រូវការផ្សេងៗរវាងអ្នកផលិត និងអ្នកទិញ ធ្វើយ៉ាងណាជំរុញទីផ្សារផលិតផលក្រុងស្រុកឱ្យមានភាពល្អប្រសើរ តាមយន្តការធ្វើការនាំចេញនៅនឹងកន្លែង។ ឯកឧត្តមបានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋ សូមចូលរួមជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រ និងប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួននោះទេ ផលិតផលក្នុងស្រុកទាំងអស់ក៏មិនអាចឈានទៅដល់ការនាំចេញទៅក្រៅប្រទេសបានដែរ។     

ម្ចាស់សិប្បកម្មផលិតប្រេងដូងនៅស្រុកឈូក លោក ឆាយ ស៊ីនឿន យល់ឃើញថា វេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ពិតជាសំខាន់ និងមានភាពងាយស្រួលសម្រាប់កសិករ អ្នកផលិតស្វែងរកទីផ្សារលក់។ លោកបានបន្ថែមថា ការដែលធ្វើឱ្យមានវេទិការផ្គូរផ្គងនេះឡើង គឺអាចឱ្យប្រកបអាជីវកម្ម និងអ្នកទិញផលិតផលទាំងអស់ក្នុងខេត្ត បានដឹងថា តើនៅក្នុងខេត្តមានផលិតផលអ្វីខ្លះ ហើយជាតម្រូវការរបស់ខ្លួនឬទេ។ លោកបន្តទៀតថា ប្រសិនបើជាវេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ អាចធ្វើឡើងក្នុងមួយឆ្នាំ ២ដង នោះកាន់តែល្អប្រសើសម្រាប់អ្នកផលិត និងអ្នកទិញ។

ម្ចាស់ផ្សារគ្រួសារធម្មជាតិ  អ្នកស្រី សួន សិរីរ័ត្ន បានបង្ហាញការយល់ឃើញរបស់ខ្លួនថា វេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញនេះពិតជាល្អណាស់ ហើយវេទិការនេះអាចធ្វើឱ្យអ្នកទិញបានដឹងថា នៅក្នុងខេត្តមានផលិតផលអ្វីខ្លះ ដែលខ្លួនអាចទិញយកទៅលក់បន្តបាន។ អ្នកស្រីបានបន្ថែមថា សម្រាប់វេទិការនេះអ្នកស្រីសង្កេតឃើញថា ផលិតផលនៅក្នុងស្រុក(ខេត្តកំពត) គឺមានកាន់តែច្រើនជាងមុន ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់អ្នកលក់ក៏ដូចជាអ្នកទិញផ្ទាល់។

លោក ពេញ ធារម្យ អភិបាលរងខេត្តកំពតបានឱ្យដឹងថា ផលិតផលរបស់ខេត្តដែលបានដាក់ស្នើសុំចុះបញ្ជីក្នុងចលនាភូមិមួយផលិតផលមួយ ចាប់ពីឆ្នាំ២០២០ ដល់២០២២ មានចំនួន ៥១មុខ ក្នុងនោះមានផលិតកសិកម្ម ឧស្សាហកម្មសិប្បកម្ម ម្ហូបអាហារ ផលិតផលវត្ថុអនុស្សាវរីយ៍សីល្បៈ វត្ថុប្រើប្រាស់ និងវិស័យសេវាកម្មជាច្រើនទៀត៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត




























Post a Comment

0 Comments