Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវរួមគ្នាផលិតព័ត៌​មាន​ដែលមានខ្លឹមសារល្អ លឿន ដើម្បីតម្រូវតាមអ្នកស្ដាប់ អ្នកទស្សនា

 


AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី​រាជការគ្រប់​ជាន់ថ្នាក់របស់វិទ្យុជាតិកម្ពុជា ត្រូវបន្ដខិតខំប្រឹងប្រែងរួមគ្នា ផលិតព័ត៌មាន ដែល​ល្អ តម្រូវ​តាម​អ្នកស្ដាប់ អ្នកទស្សនា ព្រោះ ខ្លឹមសារគឺជាស្ដេច ដែលអាចទាក់​ទាញ​យកចិត្តរបស់​ប្រជាពលរដ្ឋ អ្នកអាន និងសាធារណជនមកលើសារព័ត៌មានជាតិ។ ការ​ណែនាំរបស់​ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអគ្គ​នាយក​ដ្ឋាន​វិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ ក្រសួង​ព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា វិទ្យុជាតិកម្ពុជា គឺជាផ្នែកមួយ​ដែល​មានសារៈសំខា​ន់ ត្រូវ​ដើរតួនាទីជាអ្នកផ្សព្វផ្សាយមួយដែលទុកចិត្តបាន លឿន រហ័ស សម្រាប់ប្រជាពលរដ្ឋ អ្នកស្ដាប់ និងអ្នកទស្សនា។ ឯកឧត្ដមបានថ្លែងថា ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវ​តែខិតខំប្រឹងប្រែងរួមគ្នាធ្វើទំនើបកម្មខ្លួនឯង ធ្វើជាប្រព័ន្ធផ្សព្វផ្សាយ​បែបទំនើបកម្ម ដើម្បី​ឱ្យ​សាធារណជនបានដឹងពីប្រព្រឹត្តិការណ៍ដែលកំពុងកើតឡើង​នៅ​ក្នុង​ប្រទេស ជាពិសេស​​សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ចូលរួមអភិវឌ្ឍន៍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តមបញ្ជាក់ផងដែរថា ការងារអាទិភាពដែលឯកឧត្តមនឹងត្រូវធ្វើ ក្នុងនាមជារដ្ឋ​មន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់ គឺធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើ​ឱ្យ​ក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ​ធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរ​ជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា បេសកកម្មរបស់យើងទៅមុខ ទី១ ចក្ខុវិស័យរបស់​ក្រសួងព័ត៌មាន ដែលត្រូវធ្វើជាចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន​ឱ្យទៅ​ជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ស្ថាប័ន​​ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើច្រកចេញចូលនៃ​ទំនាក់​ទំនងព័ត៌មានរវាងរដ្ឋាភិបាលនិងសាធារណៈជន គឺសំដៅទៅលើប្រជាពលរដ្ឋ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានបន្ថែមថា៖ «ដូចនេះ ក្រសួងព័ត៌មាន មានប្រព័ន្ធ​ផ្សព្វ​ផ្សាយសាធារណៈរបស់រដ្ឋ មានវិទ្យុ មានទូរទស្សន៍ មានកាសែត ទស្សនាវដ្ដី គឺមានទាំង​អស់ ហើយការកសាងនៅ​ជំនឿទុកចិត្តឈរនៅ​លើមូល​ដ្ឋានខ្លឹមសារ។ ក៏ប៉ុន្តែចំណុចមួយ​ទៀត​គឺល្បឿននៃការ​បញ្ចេញ​ព័ត៌មានរបស់យើង​ក៏ជា​ចំណុច​នៃការប្រកួតប្រជែងនៅក្នុង​ទីផ្សារ​ព័ត៌មានដែរ»៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា


Post a Comment

0 Comments