MoINF ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និង ថ្នាក់ដឹកនាំទូត នាព្រឹកម៉ោង ៩៖៣០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះ ក៏ត្រូវបានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដែលជារដ្ឋលេខាធិការ និងអគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា និងបណ្តាថ្នាក់ដឹកនាំទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។
នៅក្នុងជំនួបនេះ ជាបឋមឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ បានសម្តែងនូវការអបអរសាទរដល់ ឯកឧត្តម នេត្រ ភក្រ្តា ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ ជាកិច្ចបន្ទាប់ ភាគីទាំងពីបានត្រួតពិនិត្យទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងប្រទេសជប៉ុនក្នុងរយៈពេលកន្លងមក ធ្វើបច្ចុប្បន្នភាពពីសមិទ្ធផលការងារ និងពិភាក្សាពីទិសដៅសម្រាប់ពេលអនាគតលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ រវាងកម្ពុជានិងជប៉ុន។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងអំណគុណដល់ជប៉ុន និងវាយតម្លៃខ្ពស់ដល់កិច្ចសហការដ៏ល្អ និងជំនួយដែលជប៉ុនបានផ្តល់ឱ្យកម្ពុជាក្នុងរយៈពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ជប៉ុនគឺជាប្រទេសដៃគូដ៏សំខាន់របស់កម្ពុជា ជាពិសេសទាក់ទងនឹងជំនួយលើកិច្ចការផ្សព្វផ្សាយ។ ជាក់ស្តែង ជំនួយឥតសំណងលើសំណង់អគារថតផ្សាយថ្មី និងសំភារៈបរិក្ខាថតផ្សាយដល់ទូរទស្សន៍ជាតិកម្ពុជា ការផ្តល់កម្មវិធីនិងភាពយន្តសម្រាប់ចាក់ផ្សាយលើទូរទស្សន៍ជាតិកម្ពុជា និងថ្មីៗនេះ គឺជំនួយបចេ្ចកទេសក្នុងការរៀបចំ «កម្មវិធីប្រកួតប្រជែងរ៉ូប៉ូត ឆ្នាំ២០២៣» ដែលកម្ពុជាធ្វើជាម្ចាប់ផ្ទះលើកដំបូង ក្នុងចំណោមកិច្ចសហការជាច្រើនទៀតរវាងភាគីទាំងពី។
ជាទីបញ្ចប់ ភាគីទាំងពីបានឯកភាពបន្តនិងពង្រឹងកិច្ចសហការឲ្យកាន់តែល្អប្រសើរនៅពេលអនាគត។ ហើយ ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ិ បានជូនពរ ឯកឧត្តម នេត្រ ភក្រ្តា ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំក្រសួងព័ត៌មាន៕
0 Comments