Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការចូលរួមជួយពលរដ្ឋក្រីក្រជួបទុក្ខលំបាកគឺជាការសងគុណទឹកដីកំណើត និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

«ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេគឺជាអាទិភាពរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត» នេះគឺជាគោលដៅចម្បងមួយរបស់ប្រមុខរាជរដ្ឋភិបាលក្នុងអាណត្តិទី៧ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរ ការចូលរួមផ្តល់នូវអំណោយសប្បុរសធម៌ផ្សេងៗដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក គឺជាការចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងជាការសងគុណដល់ទឹកដីកំណើតរបស់ខ្លួនផងដែរ។

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងទទួលអំណោយជាអង្ករចំនួន ១៤តោនពីសប្បុរសជន។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងការជួយប្រជាជនដែលមានជីវភាពលំបាកជាងគេគឺជាអាទិភាព ដែលនេះបានបង្ហាញឱ្យឃើញពីការគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខថ្នាក់ដឹកនាំ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចូលរួមផ្តល់ជាអំណោយសប្បុរសធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋក្រក្រីជួបការលំបាក គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ទៅតាមលទ្ធភាពដែលយើងមាន តាមរយៈរដ្ឋបាលខេត្តកំពត។ មិនតែប៉ុណ្ណោះ ការចូលរួមនេះទៀតសោត ក៏ជាការតបស្នងសងគុណនូវទឹកដីកំណើត និងតបស្នងសងគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកមកនូវសុខសន្តិភាពជូនជាតិជូនប្រជាជន ហើយសម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ។

ឯកឧត្តមបានបញ្ជាក់ថា អំណោយជាអង្ករដែលទទួលបាននាពេលនេះ ឯកឧត្តមនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ធ្វើយ៉ាងណាឱ្យស្របទៅតាមការដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេគឺជាអាទិភាពរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពត បានផ្តល់នូវអង្ករទៅតាមបណ្តាក្រុង-ស្រុកជារៀងរាល់ខែ ដើម្បីឱ្យក្រុង-ស្រុកទាំងនោះបែងចែកទៅឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ជួបការលំបាក ទៅតាមការជាក់ស្តែង។

សប្បុរសជនដែលឧបត្ថម្ភអង្ករជូនរដ្ឋបាលខេត្តកំពតរួមមាន៖ លោក ជា ឡុង និងលោកស្រី តុញ ស៊ីថាវី អង្ករចំនួន ១០តោន, លោកឧកញ៉ា ទុំ សារ៉ុត (ហៅនាយឃ្លោក) និងលោកជំទាវ ជឹម សំអូន អង្ករ ១តោន, លោកស្រី លឹម ពេជ្រសុវណ្ណ អង្ករ ១តោន, លោកស្រី ហេង លីនី អង្ករ ២តោន សរុប ១៤តោន៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments