Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផ្ដល់អនុសាសន៍ចំនួន ៦ចំណុចដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តដើម្បីអនុវត្តន៍


ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត  អញ្ជើញចុះពិនិត្យដោយផ្ទាល់ ដើម្បីពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ០២ទីតាំង និងបង្គន់អនាម័យសាធារណៈ ១ខ្នងមាន ៤បន្ទប់ នៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល ដូចខាងក្រោម ដែលទីតាំងទី១៖ គឺស្ថានីយស្រូបទឹកពីបរិយាកាសស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ដែលមានសមត្ថភាពផលិតទឹកស្អាតជាអតិបរមាបាន ៨០០លីត្រ ទៅ ២.០០០លីត្រក្នុងមួយថ្ងៃ ក្រោមថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។ ម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា។  ទីតាំងទី២៖ អាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ ១០.០០០លីត្រ និងបង្គន់សាធារណៈ ១ខ្នង មាន ៤បន្ទប់ មានទីតាំងស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត គឺស្ថិតនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកឈូក ក៏ដូចជាក្នុងខេត្តកំពតទាំងមូលផងដែរ។

នៅរសៀលថ្ងៃដដែល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។ បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងផ្ដល់នូវការណែនាំ អនុសាសន៍ដូចចំនួន ៦ចំណុចដដូចខាងក្រោម៖ ទី១.បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ទី២.សហការជាមួយបណ្តាមន្ទីរ, ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ។ ទី៣.គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំ ប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។ ទី៤.ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ទី៥.ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ និងទី៦.ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ៕

អត្ថបទ៖ AKP កំពត
















Post a Comment

0 Comments