Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀប​ចំ​ឱ្យមាន​ស្តង់​ដារ ប្រតិ​បត្តិ​លើ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈសម្រាប់​អ្នក​សារ​ព័ត៌​មាន​អនុវត្តន៍​នៅ​ទូ​ទាំង​ប្រទេស


AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិលើក្រមសីលធម៍វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍នៅទូទាំងប្រទេសដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាធិបតីពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន ដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា (CJDS ) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា ។


ឯកឧត្តម នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៍មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។


លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានជម្រាបជូនពីការៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាព ដល់អ្នកសារព័ត៌មាន ឱ្យកាន់តែមានភាពរឹងមាំនិងប្រសិទ្ធភាពខ្ពស់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានបានត្រឹមត្រូវ ។


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឱ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឱ្យមានតែមួយ ដោយហេតុថា ក្រមសីលធម៌គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ ។ 


ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឱ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។


ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង នៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ ។ 


ឯកឧត្តមក៏បានរំលេចផងដែរអំពីកម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។


ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានអះអាងថា បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ។ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន ៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា, សម្រួលផ្សាយ៖ កន ចំណាន




Post a Comment

0 Comments