Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីពន្ធដារជំរុញអាជីវករជាប់ពន្ធខ្នាតតូចត្រូវអនុវត្តកាតព្វកិច្ចតាមច្បាប់ជាធរមាន

ក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពត ស្តីពីការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច បញ្ជីគណនេយ្យសាមញ្ញ និងកាតព្វកិច្ចពន្ធប្រចាំខែ និងប្រចាំឆ្នាំ មន្ត្រីតំណាងនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញដល់គ្រប់អាជីវករជាប់ពន្ធខ្នាតតូចទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចតាមប្បញត្តិច្បាប់ជាធរមាន ដើម្បីងាយស្រួលសម្រាប់ការប្រកាសពន្ធ ក៏ដូចជាការគ្រប់គ្រងទិន្នន័យ ឬការអនុវត្តកិច្ចការនានា ហើយម្ចាស់អាជីវកម្មទាំងអស់ត្រូវចេះប្រើប្រាស់អែប (APP) ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារ។

លោក ម៉ន ប៊ុនម៉េត តំណាងនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កន្លងទៅ អាជីវករតែងជួបការលំបាកក្នុងការធ្វើដំណើរទៅកាន់អង្គភាពសាខាពន្ធដារខេត្តនីមួយៗ ដើម្បីធ្វើការទំនាក់ទំនងស្តីពីការប្រកាសពន្ធ ឬចំណូលចំណាយផ្សេងៗសម្រាប់មុខរបររបស់ខ្លួន។ ដោយមើលឃើញពីបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតអែប (App) ដើម្បីឱ្យបងប្អូនអាជីវករមានភាពងាយស្រួលទាំងការទំនាក់ទំនងព័ត៌មាន ការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការផ្ទៀងផ្ទាត់តួលេខផ្សេងដែលបងប្អូនបានអនុវត្តកាតព្វកិច្ចពន្ធកន្លងមក។ មន្ត្រីតំណាងនាយកដ្ឋានបានបន្តថា ជាមួយភាពងាយស្រួលតាមរយ:បច្ចេកវិទ្យាទំនើបនេះ សូមបងប្អូនអ្នកជាប់ពន្ធខ្នាតតូចត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្បញត្តិ បទដ្ឋានគតិយុត្ត និងនីតិវិធីនានារបស់អគ្គនាយកដ្ឋានពន្ធដារជាធរមាន។ ការប្រើប្រាស់អែបរបស់អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើឱ្យអាជីវករបានចំណេញទាំងពេលវេលា និងការចំណាយផ្សេងៗដូចដែលបងប្អូនធ្លាប់ជួបប្រទះកន្លងមក។

ជាមួយគ្នានេះដែរ លោក មាស សាម៉េត អនុប្រធានសាខាពន្ធដារខេត្តកំពតបានមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ ប្បញ្ញត្តិ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាដល់បងប្អូនម្ចាស់អាជីវកម្មពិតជាមានសារ:សំខាន់ ដើម្បីបានជាមូលដ្ឋានក្នុងការយកទៅអនុវត្តសម្រាប់មុខរបរក្នុងនាមពលរដ្ឋដែលមានទំនាក់ទំនងជាមួយរដ្ឋដោយមិនអាចកាត់ផ្តាច់បាន។ តាមរយ:ការបញ្ជ្រាបចំណេះដឹងស្តីពីការប្រកាសពន្ធអាជីវកម្មចំពោះអ្នកជាប់ពន្ធតូច បញ្ជីគណនេយ្យសាមញ្ញ និងកាតព្វកិច្ចពន្ធប្រចាំខែ និងប្រចាំឆ្នាំនាពេលនេះ ក៏ជាផ្នែកមួយជួយដល់អង្គភាពពន្ធដារដែលជាភ្នាក់ងារប្រមូលពន្ធជូនរដ្ឋកាន់តែមានភាពងាយស្រួលផងដែរ។ ដូច្នេះ សូមបងប្អូនអាជីវករទាំងអស់បន្តសហការល្អជាមួយអង្គភាពជំនាញបន្ថែមទៀតក្នុងគោលដៅប្រយោជន៍រួមសម្រាប់ជាតិ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments