ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក តេង ប៊ុនធឿន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចលង់ផ្ទៃដីដំណាំស្រូវក្នុងស្រុកចំនួន៣នៃខេត្តកំពត មានស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកអង្គរជ័យ ដែលមានមានទំហំចំនួន ៤០៤៥ហិកតា ស្មើនឹង៧២៧៥ គ្រួសារ។ លោកបានបញ្ជាក់ថា តួរលេខនេះ អាចនឹងបន្តថយចុះ ដោយសារអាកាសធាតុល្អប្រសើរ និងគ្មានភ្លៀងធ្លាក់បន្ត ។
មន្ត្រីជំនាញរូបនោះបានគូសបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ផ្ទៃដីដំណាំស្រូវរងការជនលិចជាងបួនពាន់ហិកតាក្នុងខេត្តកំពតមិនទាន់បង្កឲ្យខូចខាតនៅឡើយទេ ដោយកន្លែងខ្លះទឹកស្រកអស់ កន្លែងខ្លះកំពុងស្រក និងវិលត្រឡប់ទៅរកសភាពធម្មតាជាបណ្តើរៗវិញហើយ។ តាមការចុះពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានសង្គេតឃើញថា ការលិចលង់ដំណាំស្រូវមានបីសណ្ឋាន ឬ៣ដំណាក់កាល ទី១. ស្រូវទើបសាបព្រោះក្រោម១សប្តាហ៍ ងាយនឹងរងការខូចខាតជាងគេ បើការជន់លិចក្នុងរយៈពេល៥ថ្ងៃ ទៅ១សប្តាហ៍ អាចបង្កឲ្យខូច , ទី២. ស្រូវដែលស្ថិតនៅក្នុងដំណាក់កាលលូតលាស់បែកគុម្ព ធននឹងការលិចលង់ (លិចរយៈពេល១សប្តាហ៍ ទៅ១០ថ្ងៃទើបចាប់ផ្តើមខូចជាបណ្តើរៗ) និងទី៣. ស្រូវចេញផ្កា ឬស្រូវផ្លែ ដែលមានរងការលិចលុងតិចតួចនៅស្រុកកំពង់ត្រាច អាចនឹងងាយខូចផងដែរ។ ប៉ុន្តែតាមការសណ្ឋានជារួម គិតមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជំនន់ទឹកភ្ញៀងមិនទាន់បង្កឲ្យខូចខាតដំណាំស្រូវប្រជាពលរដ្ឋក្នុងខេត្តកំពតនៅឡើយទេ៕រូបភាព និងអត្ងបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments