Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតប្រាប់ផ្នែកជំនាញដែលមានភារកិច្ចគ្រប់គ្រងដីរដ្ឋត្រូវយកច្បាប់ទៅអនុវត្តចំពោះបុគ្គលណាដែលរំលោភយកដីសាធារណៈរបស់រដ្ឋ

ថ្លែងក្នុងពិធីប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានប្រាប់ទៅកាន់ផ្នែក និងមន្ទីរជំនាញដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យបានល្អប្រសើ។ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់គ្រប់ផ្នែក និងមន្ទីរជំនាញទាំងអស់ ត្រូវតែយកច្បាប់ទៅអនុវត្តន៍ដោយពុំមានការលើកលែងចំពោះបុគ្គលណាដែលបានកាប់ទន្ទ្រានយកដីភ្នំ  ដីព្រៃខុសច្បាប់ ដីព្រែក អូរ និងព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តកំពតគឺជាខេត្តដែលជាប់នឹងសមុទ្រ ក្នុងចំណោមខេត្តទាំង៤នៃប្រទេសកម្ពុជា ជាខេត្តទេសចរណ៍ដែលមានតំបន់ជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរ។ ម្យ៉ាងទៀតចំណុចដែលគួរឱ្យទាក់ទាញនោះគឺ ព្រៃភ្នំ ទឹក អូរ ជ្រោះ ហើយប្រសិនបើមានការកាប់បំផ្លាញ ឬមានការទន្ទ្រានយកមកធ្វើជាកម្មសិទ្ធបុគ្គលនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈធំណាស់សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត និងទូទាំងប្រទេស។ ឯកឧត្តមបានណែនាំឱ្យមានការយកផែនទីដែលគ្រប់គ្រងដោយផ្នែកនីមួយៗទៅកំណត់ ថាតើដីទំហំប៉ុណ្ណាជាដីសាធារណៈរបស់រដ្ឋ ហើយប្រសិនបើ រកឃើញថាមានការរំលោភបំពានយកពីសំណាក់បុគ្គលណាមួយត្រូវយកមកវិញ ហើយបុគ្គលដែលបានកាប់ទន្ទ្រាននោះត្រូវយកមកដាក់បន្ទុកតាមផ្លូវច្បាប់ដោយពុំមានការលើកលែងនោះឡើយ។

សូមរំលឹកថា ក្នុងរយៈពេលជិត ២ឆ្នាំនៃការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តមបានដាក់ចេញនូវយន្តការជាច្រើនដើម្បីមានវិធានការទៅលើបុគ្គលណាដែលបានរំលោភយកដីសាធារណៈរបស់រដ្ឋ ហើយបានដកហូតយកមកវិញជាច្រើនទីតាំងផងដែរ។ ទន្ទឹមនឹងការដកហូតយកដីសាធារណៈរបស់រដ្ឋពីសំណាក់បុគ្គលខិលខូចរួចមក ឯកឧត្តមបានអភិវឌ្ឍន៍តំបន់ទាំងនោះឱ្យក្លាយទៅជាកន្លែងកម្សាន្តដែលទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទូទាំងប្រទេស ជាក់ស្តែងគឺតំបន់ដែលជាប់នឹងឆ្នេរព្រែកកំពង់បាយ ដែលបច្ចុប្បន្នបានបង្កើតឱ្យមានឆ្នេរខ្សាច់សម្រាប់កម្សាន្ត ដែលមានឆ្នេរកោះស្មៅ ឆ្នេរចន្លោះពីស្ពានថ្មថ្មីទៅស្ពានរថភ្លើង និងសួនច្បារចន្លោះពីស្ពានឥន្ទធនូ(ស្ពានចាស់) ហើយរដ្ឋបាលខេត្តក៏គ្រោងនឹងបង្កើតឱ្យមានឆ្នេរកម្សាន្តនៅត្រើយខាងលិចព្រែកបន្តទៀត ដើម្បីបង្កើនសោភ័ណ្ឌភាពខេត្តឱ្យស្រស់ស្អាតបន្ថែមទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments