បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំតាំងពីយប់ រហូតព្រឹក បណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុងកំពត និងស្រុកទឹកឈូ រងការជន់លិចកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣បានស្រចុះអស់ហើយ ខណៈអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបានបានរួមសហការគ្នាយ៉ាងស្រស្រាក់ស្រស្រាំក្នុងការកាយប្រឡាយដោះទឹកចេញពីតំបន់ជន់លិចទាំងនោះ។
ជាង១សប្តាហ៍មកហើយ អាកាសធាតុខេត្តកំពតអាប់អួរ មានភ្លៀងរលឹមមិនដាច់ រហូតមកដល់ល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ភ្លៀងបានធ្លាក់ខ្លាំងបន្តរហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ដែលជាហេតុបណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុងកំពត និងស្រុកទឹកឈូរងការជន់លិច មានដូចជាតំបន់ផ្លូវមាត់ព្រែកខាងមុខមន្ទីរពេទ្យបង្អែក តំបន់ព្រះអង្គឌួង បេនឡានចាស់ តំបន់ផ្លូវបេតុងក្នុងសង្គាត់កំពង់បាយ តំបន់ផ្លូវឆ្នេរកោះស្មៅ និងតំបន់មួយចំនួននៅសង្គាត់អណ្តូងខ្មែរ និងតំបន់មួយចំនួនក្នុងឃុំពង់គ្រែង និងឃុំត្រពាំងធំ ស្រុកទឹកឈូ។លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត បានប្រាប់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញធ្វើការកាយប្រឡាយបញ្ហូរទឹកចូលព្រែកនៅទីតាំងជនលិចសំខាន់ៗ មានតំបន់មាត់ព្រែកមុខមន្ទីរពេទ្យបង្អែកខេត្ត តំបន់តំបន់កោះស្មៅ និងតំបន់ឆ្នេរព្រែកកំពុងបាយ និងតំបន់ព្រែកជីក ហើយគិតមកត្រឹមម៉ោង៤រសៀលនេះ ទឹកនៅតំបន់ដែលបានជន់លិចបានស្រកចុះអស់ហើយ។
ទោះយ៉ាងណាក៏ដោយការជនលិចដោយជំនន់ទឹកភ្លៀងកាលពីព្រឹមមិញនេះ មិនបានធ្វើប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែប្រសិនបើអាកាសធាតុនៅតែបន្តធ្លាក់ភ្លៀងខ្លាំងនាយប់នេះ តំបន់មួយចំនួននឹងអាចមានការជិនលិចដោយជំនន់ទឹកភ្លៀងបន្តទៀត ខណៈមកទល់ពេលនេះផ្ទៃមេឃកំពុងមានសភាពអួរអាប់នៅឡើយ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments