នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកក្នុងផ្សារសាមគ្គីខេត្តកំពត ដែលពីមុនមកឯកឧត្តមបានតម្រូវឱ្យអាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារពិនិត្យ និងស្ថារឡើងវិញនូវប្រព័ន្ធលូដោះទឹកចេញពីផ្សារនេះ ដើម្បីកុំឱ្យមានការជន់លិចបន្តទៀត។ ក្រោយពីចុះពិនិត្យឃើញជាក់ស្តែងក្រោយភ្លៀងមួយមេធំ ស្ថានភាពទឹកក្នុងផ្សារនៅតែបន្តមានការលិចផ្នែកខ្លះក្នុងផ្សារដដែល ភ្លាមនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត ពិសេសអ្នកវិនិយោគផ្សារ ត្រូវរកដំណោះស្រាយបន្ទាន់ក្នុងការដោះទឹកចេញពីផ្សារនេះ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ផ្សារសាមគ្គីនេះ គឺជាផ្សារធំមួយក្នុងទីរួមខេត្តកំពត ដែលបំរើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត ដូច្នេះផ្សារនេះត្រូវតែមានផាសុខភាព និងសោភ័ណ្ឌភាព។ ទន្ទឹមនឹងនោះដែរ ក្រោយពីទទួលបានបញ្ជានេះភ្លាម អាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារបាន ចាត់ចែងក្រុមជាងដើម្បីពិនិត្យ និងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់ ហើយស្ថានភាពទឹកក្នុងផ្សារក៏បានស្រកចុះឡើងវិញផងដែរ។បន្ទាប់ពីចុះពិនិត្យផ្សារសាមគ្គីទីរួមខេត្តកំពតរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅសំណេះសំណាលជាមួយអាជីវករ និងពិនិត្យផ្សារទូកមាស ស្ថិតក្នុងស្រុកបន្ទាយមាន ដើម្បីមើលពីស្ថានភាពផ្សារទាំងមូល ក៏ដូចជាទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីអាជីវករ។ ក្នុងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្តបានតម្រូវឱ្យ អាជ្ញាធរស្រុក ក៏ដូចជាអ្នកវិនិយោគផ្សារទូកមាស ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធលូដោះទឹក ធ្វើយ៉ាងណាកុំឱ្យមានការស្ទះទឹកក្រោយពេលភ្លៀង ត្រូវដាក់កាមេរ៉ាសុវត្តិភាពដែលអាចដឹងពេលមានអគ្គិភ័យកើតឡើងនៅទីតាំងសំខាន់ៗក្នុងផ្សារ ពិសេសកន្លែងលក់មាស និងលក់ក្រណាត់ ដើម្បីរក្សារសន្តិសុខសុវត្តិភាពជូនបងប្អូនអាជីវករទាំងអស់ក្នុងផ្សារ។ ទន្ទឹមនឹងនោះ អ្នកវិនិយោគផ្សារត្រូវរៀបចំកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានត្រឹមត្រូវ មានសោភ័ណ្ឌភាព និងមិនត្រូវយកថ្លៃភាស៊ីនោះទេ។
ក្នុងការចុះត្រួតពិនិត្យផ្សារទាំងពីរនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការគ្នាក្នុងការរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារឱ្យបានស្អាតល្អ មានផាសុខភាព ដែលអាចទាក់ទាញភ្ញៀវទេសចរមកទិញទំនិញក្នុងផ្សារបានច្រើន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅមុខបន្តទៀត៕
0 Comments