ក្រោមម្លប់នៃសុខសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលចាប់ផ្តើមស្ថាបនាជាផ្លូវបេតុង ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត បានសំដែងនូវការសប្បាយរីករាយដែលសម្តេចតេជោ បានយកចិត្តទុកដាក់នឹងគិតគូផ្តល់ផ្លូវជូនពួកគាត់។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលមានលំនៅដ្ឋានសងខាងផ្លូវបេតុងចំនួន ២ខ្សែ ដែលបានចាប់ផ្តើមស្ថាបនាពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានសំដែងការសប្បាយរីករាយដែលថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ហើយបានផ្តល់ផ្លូវបេតុងនាពេលនេះ។ ប្រជាពលរដ្ឋបានបន្តថា សម្តេចតេជោ គឺជាវីរៈបុរសដែលបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមដ៏ជូរចត់ ហើយបានផ្តល់កំណើតទី២ ឱ្យពួកគាត់មានជីវិតរស់នៅដោយសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវចំណងដៃថ្មីគឺផ្លូវបេតុងចំនួន ២ខ្សែនេះ តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ហើយបានសន្យាថានឹងតបស្នងសងគុណសម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឱ្យសម្តេចបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៅមុខទៀត។
លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ក៏ដូចជាក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត គឺផ្លូវក្នុងក្រុងកំពតទាំងអស់នឹងត្រូវស្ថាបនាឡើងជាផ្លូវបេតុងដើម្បីធានាបាននូវគុណភាព និងអាកាសធាតុនៅខេត្តកំពត។ លោកអភិបាលក្រុងបានបញ្ជាក់ថា ផ្លូវបេតុងក្នុងក្រុងកំពត ដែលបានស្ថាបនារួចរាល់មានចំនួនប្រមាណជិត ២០ខ្សែហើយ ហើយបច្ចុប្បន្ននេះដែរក៏កំពុងបន្តស្ថាបនាចំនួន ៧ខ្សែបន្ថែមទៀត។
សូមបញ្ជាក់ថា ផ្លូវបេតុងពីរខ្សែក្នុងសង្កាត់ក្រាំងអំពិលនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលផ្លូវទាំងពីខ្សែនេះរួមមាន៖ ខ្សែទី១ ផ្លូវខាងជើងពហុកីឡដ្ឋានខេត្តកំពត មានបណ្តោយប្រវែង ២០៥ម៉ែត្រ ទទឹង ១២ម៉ែត្រ (ពង្រីកបន្ថែមពីលើទំហំចាស់ ដែលមានទទឹង ៨ម៉ែត្រ) កម្រាស់ ០.១៥ម៉ែត្រ អមដោយលូដោះទឹកសងខាង។ ខ្សែទី២ ផ្លូវខាងត្បូងផ្សាររុយ (ផ្លូវមន្ទីរកសិកម្មចាស់) មានបណ្តោយប្រវែង ២០៨ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ៕
អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង
0 Comments