កាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែ មិថុនា ឆ្នាំ២០២៣ នេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤១១គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកទឹកឈូ ក្នុងនោះរងគ្រោះមធ្យមចំនួន ៤០៩គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន ២គ្រួសារ ដែលពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍ ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយនាពេលនេះ ហើយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។អំណោយផ្តល់ជូនរួមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ៤០៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ឆៃប៉ូវផ្អែម១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឆៃប៉ូវផ្អែម១កញ្ចប់ កៅស៊ូតង់១ដុំ និងថវិកា ១លានរៀល។ សូមបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តម ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកសុទ្ធ២កេស និងថវិកា ៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត,រូបភាព៖ អាំង សំណាង
0 Comments