និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើជំនាញជួសជុលរថយន្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានប្រាប់ឱ្យដឹងថា វិស័យអប់រំនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍន៍រីកមច្រើនគួរឱ្យគាត់សំគាល់ ពិសេសនៅតាមខេត្តនីមួយៗ មានសាលារៀនរីកដូចផ្សិតនៅគ្រប់ភូមិសិក្សា។ ជាក់ស្តែងខេត្តកំពត សិស្សានុសិស្ស និស្សិត មានភាពងាយស្រួលក្នុងការទទួលបានការសិក្សាអប់រំលើគ្រប់កម្រិត និងអាចជ្រើសរើសមុខវិជ្ជា ឬជំនាញបច្ចេកទេសផ្សេងៗទៅតាមចំណងចំណូលចិត្ត ដោយមិនបាច់ទៅរៀននៅឯរាជធានីភ្នំពេញដូចមុនទេ។ ពួកគាត់បានបញ្ជាក់ថា គុណភាពនៃការសិក្សាអប់រំនៅតាមខេត្តមានភាពល្អប្រសើរ និស្សិតគ្រប់ជំនាន់ដែលបានបញ្ចប់ការសិក្សាទទួលបានឱកាសការងារប្រមាណជាង៩៥% មិនខ្វះការងារធ្វើនោះទេ។ ពួកគេថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ភាពងាយស្រួល ក្នុងការទទួលបានចំណេះដឹង ជំនាញ និងឱកាសការងារសម្រាប់ចិញ្ចឹមជីវិត។
ការលើកឡើងខាងលើ នៅក្នុងវិធីប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចំនួន ២,៧៣៩នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត។នៅក្នុងពិធីនោះដែរ ឯកឧត្តមអធិបតី ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់សូមយកចំណេះជំនាញរបស់ខ្លួនទៅប្រើប្រាស់ប្រកបដោយសុជីវធម៌ សីលធម៌ គុណធម៌ បម្រើខ្លួនឯងផង គ្រួសារផង សង្គមផង ពិសេសត្រូវជួយសម្រាលអម្រែកសង្គម និងជួយចូលរួមអភិវឌ្ឍប្រទេសជាតិ រក្សាឱ្យបាននូវសុខសន្តិភាព ដែលសម្តេចតេជោយកជីវិតទៅប្តូរ ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕
0 Comments