Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ អាជ្ញា​ធរ​មូល​ដ្ឋាន​ដែល​ជា​អ្នក​បម្រើ​ពល​រដ្ឋ​ត្រូវ​មាន​មន​សិការ ឆន្ទៈ និង​បេះ​ដូង​នៅ​ជា​មួយ​ពល​រដ្ឋ

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅកាន់អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកមានតួនាទីដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យ ហើយត្រូវមកបម្រើពលរដ្ឋត្រូវយកបេះដូងមកបម្រើ និងត្រូវមានមនសិការ ឆន្ទៈ ហើយផ្តល់ភាពកក់ក្តៅជូនពួកគាត់។ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដូចនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋចំនួន ៣សង្កាត់ ក្នុងក្រុងបូកគោ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដែលមានសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ៥ពាន់នាក់។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការដែលរាជរដ្ឋាភិបាលផ្តល់ឱ្យនូវតួនាទី ហើយបានចូលបម្រើការងារនេះ គឺឱ្យមកបំរើពលរដ្ឋ មិនមែនឱ្យតួនាទីមកដើម្បីធ្វើអំពើមិនត្រឹមត្រូវដែលធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត រស់នៅពុំមានក្តីសុខសាន្តនោះទេ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា គ្រប់ផ្នែកជំនាញទាំងអស់ឯកឧត្តមនឹងប្រើប្រាស់ឋានានុក្រមចំនួនពីរដើម្បីគ្រប់គ្រង ដែលឋានានុក្រមទី១ គឺច្បាប់ និងឋានានុក្រមទី២ គឺឋានានុក្រមគ្រួសារ។ រាល់បុគ្គលដែលមានតួនាទីណាធ្វើខុសច្បាប់ត្រូវទទួលទោសតាមច្បាប់ បុគ្គលណាយកតួនាទីរដ្ឋមិនបម្រើពលរដ្ឋពិតប្រាកដ ហើយពលរដ្ឋប្តឹង នោះនឹងត្រូវអនុវត្តន៍តាមវិធានការច្បាប់។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ កុំចង់បានអ្វីដែលមិនមែនជារបស់យើង កុំធ្វើអំពើណាដែលខុសនឹងច្បាប់ ព្រោះបច្ចុប្បន្ននេះ ប្រទេសជាតិយើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាព ហើយការប្រព្រឹត្តអំពើ ឬធ្វើការអ្វីមួយគឺស្ថិតនៅក្រោមច្បាប់ជាអ្នកគ្រប់គ្រង។

នាឱកាសនោះដែរ បន្ទាប់ពីជួបសំណេះសំណាលជាមួយពលរដ្ឋក្រុងបូកគោរួចមក ឯកឧត្តមអភិបាលខេត្តក៏បានបន្តចុះទៅសាកសួរសុខទុក្ខអាជីវករផ្សារត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ និងទទួលយកនូវសំណូមពរ ក៏ដូចជាតម្រូវការមួយចំនួនពីអាជីវករផងដែរ។ ក្រោយពីទទួលបានសំណូមពរពីការបង់ថ្លៃភ្លើងសម្រាប់បំភ្លឺទីធ្លាសារធារណៈជុំវិញផ្សារដែលអាជីវករត្រូវចំណាយជាប្រចាំខែ ឯកឧត្តមអភិបាលខេត្តបានសម្រេចចេញបង់ថ្លៃភ្លើងនេះជូនអាជីវករជារៀងរាល់ខែ ចាប់ពីខែមិថុនានេះតទៅ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង














Post a Comment

0 Comments