នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធជាមួយការចេញសេចក្ដីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក លិខិតលេខ ៣៨៨/២៣ ក.ព.ម ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រសិនបើក្រុមហ៊ុនមានគោលជំហរ ច្បាស់លាស់ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ ហេតុអ្វីពាក្យបណ្តឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ។
ក្នុងសេចក្តីបំភ្លឺព័ត៌មាមបានបន្តថា ជុំវិញករណីនេះស្នងការដ្ឋាននគរបាលខេត្ត សូមបំភ្លឺជូនដូចខាងក្រោម៖ គិតត្រឹមថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ យើងបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពត ចំនួន ៣២៣ បណ្តឹង សរុបទឹកប្រាក់ ដែល បានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន ៦.១៦២.៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ ប្រាំពីររយដុល្លារ)។នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ពិភពដីមាស អ៊ុនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មក លើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឱ្យមានវិវាទរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលជារឿងហួសចិត្តបំផុត ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ ទៅវិញ? ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមយើងខ្ញុំ មិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ ។
ក្នុងបំភ្លឺព័ត៌មានបានបញ្ជាក់ថា តាមការបញ្ជាក់ទាំងទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូន ពួកគាត់ដោយមានកិច្ចសន្យា (កុងត្រា) ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រុមហ៊ុនមិនបានគោរព តាមកិច្ចសន្យា ពោលគឺមិនបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុ នាំឱ្យប្រជាពលរដ្ឋបីរយជាងគ្រួសារ (ស្មើ៣២៣បណ្ដឹង) បានឡើងមកជួបឯកឧត្តម អភិបាលខេត្ត និងមក ដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ព្រោះប្រជាពលរដ្ឋក្នុងម្នាក់ៗ អស់ ថវិការរាប់ម៉ឺនដុល្លារដែលយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រិះស្ថានមីក្រូ ហិរញ្ញវត្ថុផ្សេងៗ ។ ដូចនេះស្នងការដ្ឋាននគរបាលខេត្តចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលចោទថាមិនចេះស្តាប់ហេតុផល គ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ ។
ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថាស្ថាប័នយើងខ្ញុំជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន៕
អត្ថបទ៖ វង្ស សុធារម្យ
0 Comments