Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាល​ខេត្ត​កំពត​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​មួយ​កន្លែង​ដែល​បាន​ចាក់​ដីចូល​ដៃ​ព្រែក​ត្រពាំង​រពៅ​កាយ​ចេញ​វិញ​ជាបន្ទាន់

អភិបាលខេត្តកំពតតែងតែលើកឡើងថា អ្នកណាយកដីគេ ឱ្យគេវិញ អ្នកណាយកដីរដ្ឋ ឱ្យរដ្ឋវិញ ហើយប្រព័ន្ធច្បាប់មិនលើកលែងចំពោះអ្នកដែលប្រព្រឹត្តអំពើដែលខុសច្បាប់នោះឡើយ។ ហើយអ្នកដែលបានដឹងខ្លួនដែលប្រព្រឹត្តអំពើផ្ទុយពីច្បាប់ ឬរំលោភបំពានដីរដ្ឋសូមប្រគល់ជូនរដ្ឋវិញ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋពាក់ព័ន្ធនិងករណីមានការចាក់ដី និងធ្វើខឿនចូលក្នុងដៃព្រែកត្រពាំងរពៅដែលជាផ្លូវសម្រាប់ចរាចរណ៍ទូកនេសាទចេញចូលរបស់ប្រជានេសាទ បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុងបូកគោរួចមក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ។

បន្ទាប់ពីពិនិត្យមើលជាក់ស្តែងឃើញថា ទីតាំងនោះពិតជាមានការចាក់ដីចូលដៃព្រែក ដែលជាផ្លូវសម្រាប់ចរាចរណ៍ទូកនេសាទពិតប្រាកដមែន។ ភ្លាមៗនោះឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាឱ្យម្ចាស់ទីតាំងខាងលើកាយចេញជាបន្ទាន់ ដោយធ្វើយ៉ាងណារក្សានូវជម្រៅទឹក និងទំហំទីតាំងតាមលំនាំដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះមកត្រួតពិនិត្យដោយផ្ទាល់ជាមួយម្ចាស់ទីតាំង ព្រមទាំងអនុវត្តន៍តាមការណែនាំខាងលើឱ្យបានឆាប់បំផុត។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ទៅកាន់អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យឱ្យបានញឹកញាប់ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដៃព្រែកត្រពាំងរពៅនេះ កុំឱ្យមានការចាក់ដីរំលោភយកចំណីព្រែកដែលជាផ្លូវទឹកធម្មជាតិ ដោយរក្សាឱ្យបាននូវទំរង់ដែលមានពីដើមមក។ ហើយប្រសិនបើអ្នកដែលបំពាន មានចរិតរឹងរួស មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ គឺត្រូវអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង









Post a Comment

0 Comments