ថ្លែងនៅក្នុងពីធី បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាក្រុងកំពត នៅសាលសន្និសីទខេត្ត នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាល ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរដោះស្រាយបញ្ហាលំបាកជាច្រើនជូនអតីតយុទ្ធជន ដូចជាផ្តល់ប័ណ្ណព្យាបាលសុខភាព តម្លើងប្រាក់ខែ ជួយផ្តល់ដីធ្លី និងផ្ទះសំបែងជាណ្តើរៗ ដែលរហូតមកដល់ថ្ងៃនេះបានជាង ៤ពាន់គ្រួសារ នៅសល់ជាង៤ពាន់គ្រួសារទៀតកំពុងដោះស្រាយ ក្នុងនោះខេត្តកំពតក៏នៅសល់ជាង ៦០០គ្រួសារដែរ។ ហើយកិច្ចការងារនេះ ឯកឧត្តម ម៉ៅធនិន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត កំពុងខិតខំដោះស្រាយ។
យ៉ាងណាក៏ដោយ ឯកឧត្តមសង្គេតឃើញចំណុចខ្វះខាតមួយដែលតែងកើតមានជាញឹកញាប់ នោះគឺគ្រួសារអតីតយុទ្ធជនខ្វះខាតលទ្ធភាពព្យាបាលជំងឺខ្លួនឯង ពេលឈឺថ្កាត់ម្តងៗ។ ហើយឯកឧត្តមបានស្នើដល់អាជ្ញាធរឲ្យជួយពិតនិត្យលទ្ធភាព ផ្តល់ប័ណ្ណក្រីក្រជូនគ្រួសារអតីតយុទ្ធជនផង។
នៅក្នុងឱកាសនោះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងសូមទៅចូលរួមបោះឆ្នោត ពិសេសត្រូវធ្វើជាសកម្មជនឲ្យបក្សគណបក្សប្រជាជនកម្ពុជា កៀរគរសមាជិក សាច់ញាតិទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ កក្កដា ២០២៣ខាងមុខនេះ។តាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពតបានឲ្យដឹងថា ខេត្តមានបងប្អូនអតីតយុទ្ធជនសរុប ៤,៣៥៦នាក់ ក្នុងនោះជនពិការ ១,៦៤៨នាក់ និវត្តន៍ជន ១,១៩៩នាក់ ជនបាត់បង់សមត្ថភាព ៣៣នាក់ គ្រួសារជនពលី ១,៣៧៧នាក់ និងគ្រោះសារជនមរណៈភាព ៩៧នាក់៕
0 Comments