Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កម្លាំង​សមត្ថ​កិច្ច​ខេត្ត​កំពត​ជិត ២ពាន់​នាក់​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតប្រមាណជិត ២ពាន់នាក់ និងត្រូវប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតខាងមុខនេះ។ ដោយឡែក ក្នុងយុទ្ធនាការឃោសនាដែលនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ សមត្ថកិច្ចក៏បានត្រៀមកម្លាំងប្រមាណជាង ១ពាន់នាក់ផងដែរ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទបូកគោ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំ និងត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចនគរបាលទូទាំងខេត្ត ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលបោះឆ្នោតខាងមុខ ដែលកម្លាំងសរុបមានចំនួន ១,៧៣៦នាក់ ក្នុងនោះកម្លាំងនគរបាលមានចំនួន ១,៣៥៣នាក់ កម្លាំងប្រជាការពារចំនួន ៣៨៣នាក់ និងកម្លាំងត្រៀមបំរុងចំនួន ៣៨២នាក់ផងដែរ។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានកម្លាំងសរុបចំនួន ១,០១១នាក់។ ដោយឡែកកម្លាំងដែលប្រើប្រាស់នៅតាមបណ្តាប៉ុស្តិ៍មានចំនួន ៦៥១នាក់ កម្លាំងត្រៀមអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋានទាំង៩ក្រុង-ស្រុ មានចំនួន ១៨០នាក់ រួមទាំងកម្លាំងរបស់កងរាជអាវុធហត្ថ និងកម្លាំងតំបន់ប្រត្តិបត្តការសិករងមានចំនួន ៩០នាក់។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ទូទាំងខេត្តកំពត មានមណ្ឌលបោះឆ្នោតសរុបចំនួន ៣៤២មណ្ឌល ការិយាល័យបោះឆ្នោតសរុបមានចំនួន ១,០៥៤ការិយាល័យ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង








Post a Comment

0 Comments