នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំព បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុងទាំង៩នៅទូទាំងខេត្ត ចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារ ក្រុមហ៊ុនមិនបានធ្វើតាមសន្យា ធ្វើពលរដ្ឋដែលជា អ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូតិ៍ ពិសេសអ្នកទៅខ្ចីលុយធនាគារ មកឲ្យក្រុមហ៊ុនដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។
ការសម្របសម្រួលដោះស្រាយបានធ្វើឡើងនៅបរិវេណវត្ត អង្គឈូក ឃុំឈូក ស្រុកឈូក។ ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ឯកភាពយល់ព្រម ទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមាន មកឲ្យក្រុមហ៊ុន។ ហើយប្លង់ផ្សេងៗដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉នត្រូវយកមកឲ្យពលរដ្ឋវិញ។ ហើយចំពោះបងប្អូនដែលទិញដី បង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់ ឯកឧត្តមនឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។ប្រជាពលរដ្ឋនៅស្រុកឈូក និងស្រុកដងទង់ បានប្រាប់ឲ្យដឹងថា ពួកគាត់លង់ជឿងក្រុមហ៊ុន ក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ១ម៉ឺនដុល្លា ត្រូវបង់ឲ្យក្រុមហ៊ុនតែ៧ពាន់ដុល្លាប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សង់ធនាគារទាំងអស់។ ប៉ុន្តែរយៈពេលពីបីខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឲ្យខាងធនាគារមកទាលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ ។ ពួកគាត់ពិតសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន ក្រោយពេលឯកឧត្តមអភិបាលខេត្តបានចុះមកដោះស្រាយឲ្យពួកគាត់ ព្រោះបំណុលក៏មិនបាច់បង់ ប្លង់ផ្ទះ ប្លង់ដី ក៏បានមកវិញ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញ និងក្រុមហ៊ុន នៅមិនទាន់អាចប្រាប់ដឹងចំនួនតួរលេខពិតប្រាកដ ថាតើមានប្រពលរដ្ឋសរុបប៉ុន្មានគ្រួសារ ដែលក្រុមក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជា សារ៉ន មានបញ្ហាជាមួយនោះទេ ប៉ុន្តែតាមការសន្និដ្ឋានជំហ៊ានដំបូង ថាប្រមាណជាង៥ពាន់គ្រួសារឯនោះ ហើយគេក៏មិនទាន់បានដឹងអំពីចំនួនទឹកប្រាក់ សរុបប៉ុន្មាននោះដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments